(វ៉ាស៊ីនតោន)៖ តាមយោធាអាមេរិក ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ជូនគ្រាប់កាំភ្លើង ច្រើនជាង ១លានគ្រាប់ ដែលរឹបអូសបានពីអ៉ីរ៉ង់ទៅឱ្យអ៊ុយក្រែន នៅចំពោះមុខ ការព្រួយបារម្ភពី អនាគតជំនួយយោធាសម្រាប់ទីក្រុងកៀវ ក្រោយកញ្ចប់ជំនួយយោធាថ្មីត្រូវបានផ្អាក។
ទីបញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិក បានឱ្យដឹងនៅថ្ងៃពុធសប្ដាហ៍នេះថា គ្រាប់កាំភ្លើងខាងលើ ត្រូវបានរឹបអូសកាលពីឆ្នាំ២០២២ ពីនាវា មួយគ្រឿងដែលត្រូវបានចោទថាបានដឹកជញ្ជូនអាវុធ ពីអ៉ីរ៉ង់ ទៅឱ្យក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែន។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បញ្ជាការដ្ឋាន កណ្ដាលយោធាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជូនគ្រាប់កាំភ្លើង ៧.៦២មីលីម៉ែត្រ ១.១លានគ្រាប់ ទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កាលពីថ្ងៃចន្ទដើម សប្ដាហ៍នេះ»។
សេចក្តីថ្លែងការណ៍នេះបន្ថែមថា ទីបញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិក ទទួលបានគ្រាប់កាំភ្លើង ទាំងនេះកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ តាមរយៈបណ្ដឹងរឹបអូសមួយរបស់ក្រសួងយុត្តិធម៌ អាមេរិក៕