ឯកឧត្តម ឆាយ ឫទ្ធិសែន ណែនាំដល់មន្ត្រីក្រោមឱវាទបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតលើសមិទ្ធផល និងស្នាដៃដែលធ្លាប់មានកន្លងមក


(បាត់ដំបង)៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន បានណែនាំដល់មន្ត្រីក្រោម ឱវាទបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតលើសមិទ្ធផល និងស្នាដៃដែលធ្លាប់មានកន្លងមក ដើម្បីបន្ត ចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ក្រសួង គឺលើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជា ជននៅជនបទប្រកបដោយចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៣។ ក្នុងពិធីសំណេះសំណាលនេះធ្វើឡើងដាច់ដោយឡែក និងមានការចូលរួមពីសំណាក់ឯ កឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានលើកឡើងថា ដើម្បីចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្រ្ត បញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្រសួងអភិវឌ្ឍន៍ជនបទបានខិតខំសម្រេច ឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន គឺលើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកប ដោយចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងមានយុទ្ធសាស្ត្រអាទិភាពចំនួន៤ គឺ៖

ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ ដោយខិតខំលើកកម្ពស់កម្រិតផ្លូវពីផ្លូវក្រាល ក្រួសក្រហមឱ្យទៅជាផ្លូវសក្រាលកៅស៊ូ និងផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវា សាធារណៈគ្រប់រដូវកាល និងបែងចែកកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ។

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់ នៅមានឥរិយាបថល្អ រស់នៅមានសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព។

ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បី បង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

ទី៤៖ ពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តម រដ្ឋមន្រ្ដីបានបន្តផ្ដាំផ្ញើជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង ពីរថា ទន្ទឹមនឹងសមិទ្ធផល និងស្នាដៃដែលធ្លាប់មានកន្លងមក ត្រូវបន្តបង្កើនស្នាដៃបន្ថែមទៀតដើម្បី ចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុង ឆ្នាំ២០៥០។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការបច្ចេកទេសឱ្យល្អ និងសុចរិត ដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារវិស័យអភិវឌ្ឍន៍ជនបទកាន់តែល្អប្រសើរឡើង។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរត្រូវត្រួតពិនិត្យរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំឱ្យបាន ទៀងទាត់ ដើម្បីវាយតម្លៃការងារ ដោយយកគោលការណ៍សមូហភាពជាធំ។

ចំណែកថ្នាក់ដឹកនាំមន្ទីរត្រូវមានការលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់សកម្មភាពការងារតាមរយៈការដំឡើងឋានៈ តួនាទី កាំប្រាក់ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីមន្ទីរមានភាពជោគជ័យ ក្នុងនោះត្រូវយកចិត្តទុកដាក់ មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

មន្ទីរក៏ត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មានក្នុងគោលដៅចូលរួមផ្សព្វ ផ្សាយពីស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានទូលំទូលាយដល់មហាជន៕