(ភ្នំពេញ)៖ យោងតាមលិខិតរបស់ ឯកឧត្តម រដ្ឋមន្ត្រី
ដែលទទួលបាន គឺ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ដ្រា បានព្រមានដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌
មាន ដែលមានការពាក់ព័ន្ធ ឲ្យ បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់
និងតម្រូវឲ្យផ្ដល់ការ សហការដោះស្រាយបញ្ហាបង្កើត ឡើងដោយសកម្មភាពល្មើសច្បាប់។
ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអីម៉ិន TOP DIAMAND CASINO បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។
ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែល ពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។
ករណីនេះ ក្រសួងសូមព្រមានជាសាធារណៈចំពោះ៖
១៖ អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារប្រាក់ នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មាន ទាំងនោះនឹងត្រូវបញ្ឈប់លែង ឲ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។ អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូលខ្លួនមករាយការណ៍ នៅអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ១ ខែ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះត ទៅ។ ក្នុងករណីរឹងរូសមិនព្រមចូលខ្លួនរាយការណ៍អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានចំពោះការប្រព្រឹត្តរបស់ខ្លួន។
២៖ ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួន ជាប់ពាក់ព័ន្ធទៅនឹង ករណីខាងលើ ត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឲ្យខានតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀតហើយត្រូវធ្វើការអប់រំណែនាំដល់អ្នកសារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះ ដោយបញ្ជាក់នូវឈ្មោះ របស់អ្នកសារព័ត៌មាន ក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។ ម្ចាស់អង្គភាពសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធ ត្រូវចូរខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ករណីរឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុបអាជ្ញាបណ្ណ និងត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៣៖ ចំពោះម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដាយអិម៉ិន TOP DIAMAND CASINO ដែលបានធ្វើការ ផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារ ព័ត៌មានដែលពាក់ព័ន្ធ នៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្តល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ចូនមកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណីក្រុមហ៊ុនមិនសហការ អនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មានរក្សាសិទ្ធិ ក្នុងការចាត់ វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឲ្យចុះខ្សោយក្រមសីលធម៌ វិស័យ សារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយ ដែលមិន ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ជាធរមាន៕