(ស៊ីដនី)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បញ្ជាក់ថា អាជ្ញាធរនៅក្នុង ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះបានណែនាំឱ្យប្រជាជនជម្លៀសខ្លួនទៅរក ទីទួលមានសុវត្ថិភាព ពីគ្រោះទឹកជំនន់ដែលកំពុងគំរាមកំហែងដល់ផ្ទះច្រើនជាង ១៣០ខ្នង នៅក្នុង តំបន់ភាគខាងកើតនៃប្រទេស ជាទីដែលទើបតែរងគ្រោះដោយសារ ភ្លើងឆេះព្រៃ ក្នុងរយៈពេល ៤៨ម៉ោងមុននេះ។
ភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យទន្លេ McAllister River ស្ថិតក្នុងរដ្ឋ Victoria នៃភាគខាងកើតប្រទេស អូស្ត្រាលី ហក់ឡើងខ្ពស់ដោយគំរាមកំហែងដល់ ផ្ទះនៅតាមទីជនបទ។ «យើងវាយតម្លៃថាផ្ទះ ច្រើនជាង ១៣០ខ្នង អាចនឹងរងផលប៉ះពាល់ ដូច្នេះហើយយើងបានចេញការព្រមានពី គ្រោះ អាសន្ន»។ នេះជាការបញ្ជាក់ពីអនុប្រធានសេវាសង្រ្គោះបន្ទាន់ប្រចាំរដ្ឋ Victoria លោក David Baker។
សូមបញ្ជាក់ថា សេវាសង្រ្គោះបន្ទាន់ប្រចាំរដ្ឋ Victoria បានចេញសារព្រមានឱ្យប្រជាជន ជម្លៀសខ្លួន ទៅកាន់ទីទួលមានសុវត្ថិភាព ឬក៏ត្រូវស្ថិតនៅ ឱ្យឆ្ងាយពីតំបន់មានហានិភ័យខ្ពស់ ជាពិសេសនៅក្បែរ ទន្លេ McAllister និងទន្លេផ្សេងទៀតក្នុងរដ្ឋដែលកំពុងជន់លិច។ គ្រោះទឹកជំនន់ នៅពេលនេះកើត មានឡើង តែជាង២ថ្ងៃប៉ុណ្ណោះ ក្រោយក្រុមអ្នកពន្លត់អគ្គិភ័យបានតស៊ូប្រយុទ្ធជាមួយអណា្តតភ្លើង ឆេះព្រៃលើផ្ទៃដីរាប់ពាន់ ហិកតា ក្នុងតំបន់ Gippsland៕