ប្រមុខ UN លើកឡើងពីមហន្តរាយនៃការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ខណៈកូរ៉េខាងជើងព្រមាន ពីសង្រ្គាមនុយក្លេអ៊ែរ


(យូអិន)៖  យោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែ កញ្ញា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា នៅថ្ងៃអង្គារសប្តាហ៍នេះ អគ្គលេខាធិការអង្គការសហ ប្រជាជាតិ (UN) លោក អាន់តូនីញូ ហ្គូតឺរ៉េស (Antonio Guterres) បានព្រមានប្រឆាំងនឹងការ ប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ ដែលនាំមកនូវការគំរាមកំហែងដ៏បំផ្លិចបំផ្លាញដល់ពិភពលោក ខណៈកូរ៉េខាងជើងចេះតែលើកឡើងថាឧបទ្វីបរបស់ខ្លួនកំពុងស្ថិតនៅជិតមាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ។

លោក ហ្គូតឺរ៉េស បានប្រាប់មហាសន្និបាត នៅថ្ងៃចុងក្រោយនៃសម័យប្រជុំប្រចាំឆ្នាំ យ៉ាងដូច្នេះថា «ការប្រណាំងប្រជែងអាវុធ ក្នុងបរិបទថ្មីដ៏គួរឲ្យព្រួយបារម្ភ កំពុងចាប់ផ្តើមហើយ។ ចំនួនអាវុធនុយក្លេអ៊ែរអាចកើនឡើងជាលើកដំបូង ក្នុងរយៈពេលជាច្រើន ទសវត្សរ៍មកនេះ។ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ គ្រប់ពេលវេលា គ្រប់ទីកន្លែង និងនៅក្នុងបរិបទណាមួយ នឹងបង្កមហន្តរាយ មនុស្សធម៌យ៉ាងធំធេង។ នេះគឺជារឿងដ៏ឆ្កួតលីលា ហើយយើងត្រូវតែរកផ្លូវ បញ្ចៀស»។ នៅក្នុងសុន្ទរកថាមួយសប្តាហ៍ក្រោយមហាសន្និបាតអង្គការសហប្រជាជាតិខែកញ្ញា កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញឲ្យឧបទ្វីបនេះ «ខិតទៅជិតមាត់ជ្រោះ នៃសង្គ្រាមនុយក្លេអ៊ែរ»។ លោក គីម សុង (Kim Song) ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំ UN ក៏ បានហៅសកម្មភាពរបស់កូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក យូន ស៊ុកយុល ថាដើរតាមពីក្រោយ សហរដ្ឋអាមេរិកផងដែរ៕