(ញូវដែលី)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាយ៉ាំ ចៃសាន់ការ (Subrahmanyam Jaishankar) បាននិយាយនៅថ្ងៃអង្គារ សប្តាហ៍នេះថា ឥណ្ឌាបានប្រាប់កាណាដា អំពីការបើកចំហរ ក្នុងការពិនិត្យលើព័ត៌មាន «ជាក់លាក់ ឬភស្តុតាង» ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ញូវដែលីមាន ជាប់ទាក់ទងនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនកាន់សាសនាស៉ីគ (Sikh) ម្នាក់នៅលើទឹកដីកាណាដា។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ លោកនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងអូតាវ៉ាមានព័ត៌មានសម្ងាត់ដែលគួរឲ្យទុកចិត្តបាន អំពីការជាប់ពាក់ព័ន្ធរបស់ទីភ្នាក់ងារឥណ្ឌា ទៅនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនកាន់សាសនាស៉ីគ លោក Hardeep Singh Nijjar កាលពី ខែមិថុនា កន្លងទៅ។ នៅពេលត្រូវបានសួរអំពីការចោទប្រកាន់នោះ ក្នុងវេទិកានៃវិទ្យាស្ថាន Council on Foreign Relations នៅឯទីក្រុងញូវយ៉ក លោក ចៃសាន់ការ បានបញ្ជាក់ថា «យើងបាន ប្រាប់កាណាដាហើយថា នេះមិនមែនជាគោលនយោបាយរបស់ រដ្ឋាភិបាលឥណ្ឌានោះទេ។ យើងក៏បាន ប្រាប់កាណាដាថា ប្រសិនបើមានព័ត៌មានអ្វីមួយជាក់លាក់ ឬភស្តុតាងដែលពាក់ព័ន្ធ សូមបង្ហាញឲ្យយើងដឹងផង យើងបើកចំហ ក្នុងការពិនិត្យលើព័ត៌មានទាំងនោះ»៕