ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាការងារជាមួយអគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ


(ឆុងឈីង, ចិន)៖ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេស កកម្ម ពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបពិភាក្សាការងារជាមួយ លោក Hu Kaiqiang អគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការ ប្រតិបត្តិការសៀងហៃ (Trade and Economic Multifunctional Platform for Shanghai Cooperation Organization_SCO Countries)។

ជំនួបនេះបានប្រព្រឹត្តិទៅនៅទីស្នាក់ការក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ដោយមាន ការចូលរួមពីតំណាងរដ្ឋាភិបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង នាថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបទ្វេភាគី ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះ កម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ចសម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ ដែល បានបង្ហាញអំពីទស្សនវិស័យរួម គោលដៅរួម តួនាទី និងសកម្មភាពសំខាន់ៗនានា ក្នុងការចូលរួម លើកកម្ពស់ដល់ការអភិវឌ្ឍ និងការថែរក្សាសន្តិភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក។ តាមរយៈកម្មវិធីនេះ ប្រទេសចិន ក៏ដូចបណ្តាប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ នឹងក្លាយជា ដៃគូមួយយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កិច្ចការអភិវឌ្ឍ នៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន ហើយតាមរយៈទំនាក់ទំនងនេះ និងការបង្កើតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន កម្ពុជា គឺជាប្រទេសមួយដែលបានទទួលផលប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅជូនមហាមិត្តចិន ដែលតែងតែផ្តល់ការគាំទ្រ និងចូលរួមដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ហើយកម្ពុជាមានមោទនភាពក្នុងការចូលរួមជាមួយប្រទេសចិនផងដែរ។

ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី បានអញ្ជើញលោក Hu Kaiqiang ដឹកនាំគណៈប្រតិភូ និងអ្នកវិនិយោគចិន ក៏ដូចជាបណ្តាប្រទេសនៃអង្គការប្រតិបត្តិការ សៀងហៃ មកស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា តាមពេលវេលាសមស្រប ណាមួយ៕