(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការអប់រំឌីជីថលគឺជាយុទ្ធសាស្រ្តគន្លឹះមួយក្នុងចំណោម យុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីជម្រុញការធ្វើបរិវត្តកម្ម នៃប្រព័ន្ធអប់រំ ដោយសារការអប់រំឌីជីថល បានផ្លាស់ប្តូររបៀបរៀនរបស់សិស្ស និងរបៀបបង្រៀនរបស់គ្រូ ព្រមទាំងរបៀបគ្រប់គ្រងរបស់ នាយកសាលា ដើម្បីធានានិរន្តភាពនៃការសិក្សារបស់សិស្ស និងធានាសុវត្ថិភាពសុខភាពសម្រាប់ សិស្សានុសិស្ស និងបុគ្គលិកអប់រំ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើហយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ ក្នុងសិក្ខាសាលាស្ដីអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន SIS ធ្វើឡើងនៅ សាលសន្និសីទសាលាខេត្តកំពង់ចាម និងដោយមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម រួមទាំងមានលោកគ្រូ អ្នកគ្រូ និស្សានុសិស្សជាច្រើនផងដែរ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធ ព័ត៌មានឌីជីថលដូចជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ កម្មវិធីគ្រប់គ្រងបុគ្គលិក ប្រព័ន្ធចែកចាយ សៀវភៅសិក្សាសាលារៀន ប្រព័ន្ធគ្រប់គ្រងអាហារូបករណ៍ ប្រព័ន្ធតាមដានព័ត៌មាននិស្សិត ប្រព័ន្ធ តាមដានសាលា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាដើម ។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានអះអាងដែរថា ការអប់រំឌីជីថល ក៏បានរួមចំណែកដល់ការ កាត់បន្ថយវិសមភាព ក្នុងការទទួលបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងធានាឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាផងដែរ។
បណ្ឌិតសភាចារ្យ ឱ្យដឹងទៀតថា ក្រសួងបានសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដាក់ឱ្យប្រើប្រាស់ សាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) នៅកម្រិតវិទ្យាល័យ ចាប់ពីឆ្នាំ២០២០ និង មកដល់ពេលនេះ មានសាលារៀនចំនួន ២៦៦ សាលា នៅទូទាំងប្រទេសបាននិងកំពុងប្រើប្រាស់ ប្រព័ន្ធ SIS នេះ។ ប្រព័ន្ធនេះបានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើន ដូចជាមុខងារការគ្រប់គ្រងព័ត៌ មានសាលារៀន ការសិក្សាតាមអេឡេចត្រូនិច ការទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេច ក្ដីសម្រេចចិត្ត។
ទន្ទឹមនិងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងមន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរួមគ្នា សម្រេចចិត្តចូលរួមគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀន SIS នេះ ឱ្យបានដល់ សាលារៀនគ្រប់កម្រិត នៅក្នុងខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន នេះ ជាអត្ថប្រយោជន៍លើការគ្រប់គ្រងសាលារៀន ការរៀន និងបង្រៀន និងទំនាក់ទំនងជាមួយ មាតាបិតាសិស្ស៕