រដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក ដើម្បីពិភាក្សាអំពីការអភិវឌ្ឍ ធនធានទឹកនៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ បានទទួលជួបសំណេះ សំណាល និងពិភាក្សាអំពីការអភិវឌ្ឍធន ធានទឹកនៅកម្ពុជាជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Mariam Sherman នាយិកាប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ។

ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ប្រតិភូធនាគារពិភលោក លោក ស្រី Mariam Sherman នាយិកាប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ លោកស្រី Maryam Salim នាយិកា គ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងសហការី ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បី ជួបពិភាក្សាអំពីការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ក៏ដូចជាជួបសម្តែងការគួរសម ឯកឧត្តម ក្នុងតួនាទី ថ្មីជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានវាយ តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានា និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួង ធនធានទឹក និងឧតុនិយម និងធនាគារពិភពលោក ក្នុងការកសាង និងការអភិវឌ្ឍ ធនធានទឹករយៈ ពេលវែងនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារពិភពលោក សម្រាប់ ការគាំទ្រ និងកិច្ចសហការយ៉ាងរឹងមាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាច្រើន នាពេលកន្លងមក។

សូមជម្រាបថា ក្នុងពេលបច្ចុប្បន្ន ដោយមានការគាំទ្រ និងក្រោមកិច្ចសហប្រតិបត្តិការជាមួយ ធនាគារពិភពលោក ក្រសួងធនធានទឹក និង ឧតុនិយម កំពុងដំណើរការគម្រោងគម្រោងពិពិធកម្ម កសិកម្មកម្ពុជា (CASDP) និងកំពុងរៀបចំគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ផងដែរ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម រដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ការពង្រឹងស្ថាប័ន និងការ អភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទីមួយ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកជាមជ្ឈ មណ្ឌលចំណេះដឹង ដើម្បីគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយមឱ្យសម្រេចបាននូវចក្ខុវិស័យ របស់ខ្លួន។

ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា តំណាងភាគីកម្ពុជា បានស្នើដល់ធនាគារពិភពលោកជួយគាំទ្រគម្រោង មួយចំនួន ដូចខាងក្រោម៖

១៖ ជួយពង្រឹងគោលនយោបាយជាតិ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ។

២៖ ជួយស្តារ និងរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ និងការ កែលម្អការគ្រប់គ្រងធនធានទឹកជាចម្បងលើដៃទន្លេ។
៣៖ ជួយគាំទ្រ លើការបង្កើតផែនការគ្រប់គ្រងអាងទន្លេសម្រាប់អាងទន្លេសាប និងទន្លេមេគង្គ Detla ជាកម្មវិធីវិនិយោគយុទ្ធសាស្ត្រនៅតំបន់អាងទន្លេសាប និងដីសណ្ដទន្លេមេគង្គ ដើម្បីធានាធនធាន ទឹក កែលម្អការកាត់បន្ថយទឹកជំនន់ និងស្ដារទន្លេដែលងាយរងគ្រោះ។

ជាចុងក្រោយ ឯកឧត្តម រដ្ឋមន្ត្រីក៏បានណែនាំនូវក្រុមការងារថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែល ប្រមូលផ្តុំពីនាយកដ្ឋានបច្ចេកទេស និងមានបទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោងរបស់ដៃគូ អភិវឌ្ឍន៍ និងស្នើឱ្យធនាគារពិភពលោកធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារថ្មី និងពង្រឹង សមត្ថភាព PIUs ថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ការអនុវត្តគម្រោង។

សូមបញ្ជាក់ថា ជំនួបពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ខណៈភាគី ទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕