សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ផាតទ្រីក មូហ្វី (Patrick Murphy) ចូលជួបសម្តែង​ការ​គួរសម និងពិភាក្សាការងារ។ ជំនួបនេះ បានធ្វើឡើងនៅវិមានសន្តិភាព។

លោកឯកអគ្គរដ្ឋទូត មូហ្វី ត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូតប្រចាំ​នៅកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩។ លោកជាមន្ត្រីអាជីពជាន់ខ្ពស់ម្នាក់​​នៅក្នុងក្រសួងការបរទេស និងបានដឹកនាំ​ការិយាល័យ​ទទួល​បន្ទុកកិច្ចការតំបន់​អាស៊ីខាងកើត និងប៉ាស៊ីហ្វិក របស់ក្រសួងការបរទេស​សហរដ្ឋអាមេរិក ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ជាមន្ត្រីជាន់ខ្ពស់ប្រចាំ​នៅការិយាល័យ​ (ឧបការីររដ្ឋមន្ត្រីស្តីទី​)។ លោកបានធ្វើជាឧបការីរងរដ្ឋមន្ត្រី​ក្រសួងការបរទេសទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ពីឆ្នាំ ២០១៦ ដល់ឆ្នាំ​២០១៨។

ជាការកត់សម្គាល់ ក្រោយពេលបង្កើតរាជរដ្ឋាភិបាលថ្មីរយៈពេលជាងមួយខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួប​មន្ត្រីរបស់អាមេរិកចំនួន៣លើកហើយ។ លើកទី១ សម្តេចធិបតី ហ៊ុន ម៉ា​ណែត ទទួលជួបគណ:​ប្រតិភូ​មន្ត្រី​ព្រឹទ្ធ​សភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជី​នៃក្រុមភាគច្រើន​របស់​អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និង​បរទេស និងកម្ម វិធីពាក់​ព័ន្ធ​នានា របស់គណ:​កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិ​របស់​ព្រឹទ្ធ​សភាអាមេរិក។ ជំនួបធ្វើឡើង​នៅវិមានសន្តិភាព​នាល្ងាច​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមាន​សន្តិភាព។

ជំនួបលើកទី២ សម្តេចធបិតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រី​ការ​បរទេសស្តីទីអាមេរិក។ ជំនួបធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហ​រដ្ឋ​អាមេរិក ពេលសម្តេចធិបតីអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការ​សហប្រជា​ជាតិ។

ជំនួបលើកទី៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិក។ ធ្វើនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព៕