ក្រសួងវប្បធម៌ បញ្ជាក់ចំណាត់ការលើការសាងសង់ប្រាសាទនៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ

 (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ បាន ចេញសេចក្តី ជូនដំណឹងពាក់ព័ន្ធករណីនៃការសាងសង់សំណង់ប្រាសាទ នៅវត្តភូម៉ានហ្វា ក្នុងខេត្ត បុរីរម្យ ប្រទេស ថៃ។ ចំពោះករណីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើសកម្មភាព នៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណី នេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។

តាមរយៈសេចក្តីជូនដំណឹងក្រសួងវប្បធម៌បានគូសបញ្ជាក់ថា៖ «ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅ ពិនិត្យទីតាំងសាងសង់ផ្ទាល់ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថាសំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ»

ក្រសួងវប្បធម៌ បានបន្ថែមថា ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យ និងចរចា គឺយើងមាន ជំហរច្បាស់លាស់ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើងភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវ ច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។

ចំពោះករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈសេចក្តីជូនដំណឹងបានអះអាងថា កិច្ចការនេះក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត។

ឆ្លៀតឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់បងប្អូននិងការចូលរួមផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្លារបស់យើង៕