(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មថ្មី ទៀត លើក្រុមហ៊ុនរុស្ស៉ីចំនួន៥ និងក្រុមហ៊ុនចិនចំនួន១១ សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងសកម្មភាព ផ្គត់ផ្គង់សម្ភារសម្រាប់ផលិតយន្តហោះដ្រូន ដែលត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។
ក្រសួងពាណិជ្ជកម្មអាមេរិក ដែលមើលការខុសត្រូវលើគោលនយោបាយនាំចេញទំនិញ បានកត់ ឈ្មោះក្រុមហ៊ុនសរុបចំនួន២៨ ដែលក្រៅពីក្រុមហ៊ុនរុស្ស៉ីនិងចិន ក៏មានក្រុមហ៊ុនមួយចំនួនរបស់ ហ្វាំងឡង់និងអាល្លឺម៉ង់ផងដែរ ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មមួយ ដែលធ្វើឱ្យក្រុមហ៊ុនផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក ពិបាកក្នុងការនាំចេញបច្ចេកវិទ្យា ឱ្យទៅក្រុមហ៊ុនទាំងនោះ។ ក្រុមហ៊ុន៩ក្នុងចំណោមនោះទៀតសោត រួមមានទាំងក្រុមហ៊ុនចិន Asia Pacific Links និងក្រុម ហ៊ុនរុស្ស៉ី SMT-iLogic គឺធ្លាប់ត្រូវបានកំណត់គោលដៅរួចជាស្រេច ក្នុងទណ្ឌកម្មមួយចំនួនទៀត របស់អាមេរិក ដែលត្រូវបានប្រកាសកាលពីខែឧសភា ឆ្នាំនេះ។
គួរបញ្ជាក់ថា ចំណែកក្រុមហ៊ុនចិនចំនួន៦ផ្សេងទៀត ទើបតែត្រូវបានកត់ឈ្មោះចូលបញ្ជីខ្មៅ សម្រាប់ការផ្គត់ផ្គង់សម្ភារឱ្យទៅក្រុមហ៊ុនអ៉ីរ៉ង់ Iran Aircraft Manufacturing Company ដែល ប្រើពួកវាដើម្បីផលិតយន្តហោះដ្រូន ខណៈដ្រូនទាំងនោះត្រូវបានប្រើប្រាស់ ដោយអ៉ីរ៉ង់ក្នុងការ វាយប្រហារទៅលើកប៉ាល់ដឹកប្រេង នៅតំបន់មជ្ឈិមបូព៌ា និងដោយរុស្ស៉ីក្នុងសង្រ្គាមឈ្លានពាន នៅអ៊ុយក្រែន៕