រដ្ឋមន្ត្រីទេសចរណ៍ជួបប្រជុំជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហការ និងបង្កើនការចូលរួមជំរុញវិស័យទេសចរណ៍ជាតិ


(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបប្រជុំជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ តំណាងដោយសមាគម ឧស្សាហកម្មទេសចរណ៍ មានជាអាទិ៍ សហព័ន្ធទេសចរណ៍ (CTF) សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋានកម្ពុជា (CRA) សមាគមទេស ចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) សមាគមសហព័ន្ធចុងភៅកម្ពុជា (CCS) និងសមាគម ស្ប៉ានិងសុខុមាលភាពកម្ពុជា (CSWA) ដើម្បីពង្រឹងកិច្ចសហការ និងបង្កើនការចូលរួមជំរុញវិស័យ ទេសចរណ៍ជាតិ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងការគាំទ្រ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពិសេសបានចូលរួមអនុវត្តនិងគាំទ្ររាល់សកម្មភាពការងារ របស់ក្រសួងទេសចរណ៍ និងបានចូលរួមជួយវិស័យនេះឱ្យឆ្លងផុតវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយ ភាពជោគជ័យ។

ឯកឧត្តម រដ្ឋមន្រ្តីក៏បានស្នើសុំតំណាងសមាគមឧស្សាហកម្មទេសចរណ៍បន្តការជួយគាំទ្រ និងជំរុញ វិស័យទេសចរណ៍កម្ពុជាសម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងរដ្ឋ-ឯកជន។

នៅក្នុងជំនួបនោះតំណាងសមាគមឧស្សាហកម្មទេសចរណ៍បានរាយការណ៍ពីសកម្មភាពការងាររបស់សមាគមនីមួយៗនិងបានប្រកាសចូលរួមគាំទ្រសកម្មភាពការងាររបស់ក្រសួងទេសចរណ៍ក្នុងសាមគ្គីភាព និងភាពជាដៃគូជិតស្និទ្ធ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍បានឯកភាពគ្នាដូចខាងក្រោម៖
* ជួបប្រជុំពិភាក្សាការងារឱ្យបានទៀងទាត់ ដើម្បីតាមដាន និងចូលរួមដោះស្រាយបញ្ហារបស់ផ្នែក ឯកជនក្នុងវិស័យទេសចរណ៍
* រៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ (ក្រុម “ខ”) នៅក្នុងខែតុលា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួម វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងរៀបចំក្នុងអំទ្បុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ
* ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានក្រុមការងារទេសចរណ៍ (ក្រុម “ខ”) សហការ និងសម្រប សម្រួលជាមួយសមាគមឧស្សាហកម្មទេសចរណ៍ រៀបចំសកម្មភាពការងារប្រចាំឆ្នាំសម្រាប់ក្រុម ការងារផ្នែកទេសចរណ៍។

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ទាំងអស់បានសម្តែង នូវការបេ្តជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញភាពប្រកួត ប្រជែង ចីរភាព និងបរិយាបន្នសម្រាប់វិស័យទេសចរណ៍កម្ពុជា និងសម្រេចឱ្យបានចក្ខុវិស័យ របស់ក្រសួងទេសចរណ៍៕