(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បានសម្រេចចិត្តមិនចូលរួម កិច្ចប្រជុំកំពូលអន្តរជាតិ មួយ ក្នុងទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ (San Francisco) នាខែវិច្ឆិកា ជាទីដែលលោកគ្រោងជួបលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ដោយលើកឡើងថានឹងមានជំនួប នៅពេលក្រោយទៀតនៅទីក្រុង វ៉ាស៊ីនតោន ក្នុងខែដដែលនោះ។
លោក ឡូប៉េស អូប្រាឌ័រ បាននិយាយថា លោកជ្រើសយកជំនួបនៅទីក្រុងវ៉ាស៉ីនតោន ជាជាងទៅ ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៉ីប៉ាស៉ីហ្វិក (APEC) ដោយសារតែ ជម្លោះការទូតជាមួយប្រទេសប៉េរូ។ លោកបន្ថែមថាមិនចង់ទៅចូលរួមកិច្ចប្រជុំ APEC ដោយសារ តែប៉េរូ នឹងទទួល តំណែងជាប្រធានប្ដូរវេន APEC ក្នុងកិច្ចប្រជុំនៅឯទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក ឡូប៉េស អូប្រាឌ័រ បានបញ្ជាក់ថា «ខ្ញុំនឹងមិនចូលរួមវេទិកា សេដ្ឋកិច្ចនៅ San Francisco នោះទេ ពីព្រោះយើងគ្មានទំនាក់ទំនងអ្វីជាមួយប៉េរូ»៕