កោះកុង÷ លោកជា សូវី អភិបាលស្រុកកោះកុង បានបង្ហាញការមិនពេញចិត្តចំពោះមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកោះកុង ហាក់មានភាពយឺតយ៉ាវលើការផ្ដល់សេវាកាត់ផ្ទេរប្លង់កម្មសិទ្ធិជូនរូបលោក និងប្រជា ពលរដ្ឋ ។ ការបង្ហាញការមិនពេញចិត្តរបស់លោក ជា សូវី អភិបាលស្រុកកោះ កុង មកលើមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកោះកុងនៅពេល ក្រោយបន្ទាប់ពីមានស្ថាប័នព័ត៌មានធ្វើការផ្សព្វផ្សាយពីវីឡាដ៏ស្កឹមស្កៃរបស់លោក ដែលសាងសង់មិនមានច្បាប់អនុញ្ញាត ស្ថិតនៅតាមបណ្ដោយផ្លូវទៅជ្រោយប្រុសក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ។
បន្ទាប់ពីមានការផ្សព្វផ្សាយ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ លោកជា សូវី អភិបាលស្រុកកោះកុង បានចេញលិខិតបំភ្លឺ។សារព័ត៌មាន និងបង្ហាញការមិនពេញចិត្ត ដោយលើកថា នៅពេលលោកបានដាក់ពាក្យស្នើសុំកាត់ប្លង់ដីពីម្ចាស់ដើមមកជាឈ្មោះរបស់លោកបន្ទាប់ពីលោកបានទិញដីមួយកន្លែងពីម្ចាស់ដើម ឈ្មោះណាំ ធី និងប្រពន្ធឈ្មោះកង ថូ នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ហើយក៏បានរៀបចំឯកសារគតិយុត្ត ផ្ទេរកម្មសិទ្ធិមករូបលោកតាមរយៈអង្គភាពច្រកចេញចូលតែមួយ ខេត្តកោះកុង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
លោកបានឱ្យដឹងទៀតថា នៅពេលដែលលោកដាក់ពាក្យបំពេញបែបបទសុំផ្ទេរកម្មសិទ្ធនៅអង្គភាពច្រកចេញចូលតែមួយ នៅសាលាខេត្តកោះកុងមន្ត្រីជំនាញក៏បានបន្តបញ្ជូនឯកសារនោះចេញទៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។ ប៉ុន្តែប្រធានមន្ទីរ ហាក់មានការយឺតយ៉ាវក្នុងការដោះស្រាយឯកសារ បន្តរហូតមក ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នេះដែលប្រមាណ ៧ ខែហើយ រូបលោកមិនទាន់ទទួលវិញ្ញាបនបទសម្គាល់ ម្ចាស់អចលនៈវត្ថុនោះទេ។
លោកអភិបាលស្រុកបន្ថែមថា ការមិនចេញប្លង់ផ្ទេរកម្មសិទ្ធិ បានធ្វើឲ្យបណ្ដាសាព័ត៌មានចុះផ្សាយវាយប្រហារមកលើរូបលោកថា ធ្វើសំណង់អត់ច្បាប់អនុញ្ញាត ហើយប្រើពាក្យថាថ្លើមធំខ្លួនជាតំណែងអភិបាលស្រុក បែរជាបំពានច្បាប់ទៅវិញ។ ហើយលោកក៏បានចោទជាសំណួរទៅ កាន់លោកប្រធានមន្ទីររៀបចំដែនដីខេត្តកោះកុងថា ចំពោះការផ្ទេរឈ្មោះប្លង់ដី តើមន្ត្រីមន្ទីរជំនាញត្រូវប្រើរយៈពេលប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ទើបអាចកាត់ឈ្មោះប្លង់ដីបាន។សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ។ដែលជាអ្នកមកទទួលសេវា? ។
បញ្ហាកើតឡើងខាងលើនេះ លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឆ្លើយតបតាមតេឡេក្រាមភ្លាមៗថា ចាប់ តាំងពីលោកកាន់សំណង់រយៈពេល ៥ ឆ្នាំមកនេះ គឺលោកមិនបានឃើញ ឬចារឯកភាពលើលលិខិតស្នើសុំកសាងសង់សំណង់ របស់ប្រជាពលរដ្ឋណាមួយទេ។ ហើយរាល់ការស្នើសុំលិខិតឯកសារសុំការសាងសង់សំណង់ណាមួយគឺត្រូវឆ្លងកាត់លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ លោក លឹម សុវណ្ណ នាយករដ្ឋបាលសាខេត្ត និងបញ្ជូនទៅកាន់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងតែម្ដង ដើម្បីពិនិត្យ និងសម្រេច។ ជាក់ស្ដែងដូចជាការដ្ឋានសំណង់ផ្ទះរបស់លោក ជា សូវី មានច្បាប់ ឬមិនមានច្បាប់ គឺលោកមិនបានដឹងនោះទេ ព្រោះថាឯកសារទាំងនោះមិនបានឆ្លងការពិនិត្យសម្រេចពីលោកដែរ។
ជុំវិញការសាចទឹកដាក់គ្នា ត្រូវបានលោករស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត កោះកុង បានចេញលិខិតបំភ្លឺមួយ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ ដោយលើកឡើងថា លោកមិនអាចទទួលបាន ទេ ចំពោះការលើកឡើងរបស់លោកជា សុវី អភិបាលស្រុកកោះកុង ដោយថា មានភាពយឺតយ៉ាវក្នុងការផ្ដល់សេវាផ្ទេរកម្ម សិទ្ធិ ដោយបំបែកក្បាលដីជូនពលរដ្ឋ ។
លោកប្រធានមន្ទីរ រស់ វីរ៉ាវុធ បានឱ្យដឹងទៀតថា មន្ទីរបានទទួលឯកសារស្នើសុំផ្ទេរកម្មសិទ្ធិ ដោយបំបែកក្បាលដីពីអង្គភាពច្រកចេញចូលតែមួយសាលាខេត្តកាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ តែដោយពិនិត្យលើឯកសារឃើញថា សាលាបត្របំបែកក្បាលដី មានការកោសលោកខុសបច្ចេកទេស ជាមូលហេតុមិនអាចទទួលយកបាន នឹងបានស្នើរឲ្យធ្វើសាលាបត្រជាថ្មីឡើងវិញ។ ក្រោយមកនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ មន្ទីររបស់លោក បានទទួលឯកសារនេះជាលើកទី ២ ហើយពិនិត្យឃើញថាលើសាលាបត្រដែលធ្វើថ្មីនេះមានកាត់ផ្លូវខុសបច្ចេកទេស (ទំហំផ្លូវធំមួយជំហៀងតូចមួយចំហៀង) មន្ទីរក៏បានបញ្ជូនត្រឡប់ទៅកែតម្រូវទំហំផ្លូវម្ដង ទៀត។ លុះដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ មន្ទីររៀបចំដែនដីខេត្ត ទទួលបានឯកសារត្រឡប់មកវិញជាលើកទី ៣ និងចេញវិញ្ញាបនបទសម្គាល់ម្ចាស់អចលនទ្រព្យ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៣ ហើយក៏បានបញ្ជូនត្រឡប់ទៅអង្គភាពច្រកចេញចូលតែមួយវិញ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣។ ហើយចំពោះការលើកឡើងរបស់លោក ជា សូវី អភិបាលស្រុកកោះកុង មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកោះកុង ពុំអាចទទួលយកបានទេ។
សូមបញ្ជាក់ថា ជុំវិញការសាងសង់សំណង់វិឡាដ៏ស្កឹមស្កៃរបស់លោក ជា សូវី អភិបាលស្រុកកោះកុង ដោយធ្វើការ សាងសង់អស់រយៈពេលជិត ២ឆ្នាំ ទាំងដែលមិនមានច្បាប់អនុញ្ញាតផងនោះត្រូវបានមហាជនមានការងើយឆ្ងល់ ដោយលើកជាសំណួរសួរថា បើមិនទាន់មានច្បាប់ផង ហេតុអ្វីបានសាងសង់ទៅបាន? ហើយការសាងសង់រយៈពេលជិត ២ឆ្នាំមកនេះ ម៉េចក៏មន្ត្រីជំនាញមិនចុះសួរនាំ? ឬមួយធ្វើបានតែអ្នកមានអំណាចទេ? ចុះបើប្រជាពលរដ្ឋទន់ខ្សោយធ្វើបានដែរឬអត់? ហើយបើចេះតែធ្វើទៅបាន តើច្បាប់ចែងមកមានប្រសិទ្ធភាពដែរឬទេ?៕ ដោយសេន ពិសិដ្ឋ