ប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា ប្រារព្ធពិធីបង្ហូតទង់ជាតិ មុនពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ Asian Games នៅថ្ងៃនេះ

 (ហាំងចូវ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមប្រធានប្រតិភូកីឡាកម្ពុជា បានដឹកនាំគណៈ​ប្រតិភូកីឡាកម្ពុជា អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ចូលរួមពិធីបង្ហូតទង់ជាតិ នៅភូមិកីឡា ដើម្បីបញ្ជាក់ពីវត្តមាន ក៏ដូច​ជាការត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេស ចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹង ពីទីក្រុង Hangzhou នៅព្រឹកថ្ងៃសុក្រនេះថា ដើម្បីបញ្ជាក់ពីការទៅដល់ភូមិកីឡា ក៏ដូចជាទីតាំង ប្រកួត ព្រឹកនេះ ប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា បានរៀបចំពិធីបង្ហូតទង់ជាតិរបស់ខ្លួន ជាមួយបណ្ដា ប្រទេសផ្សេងៗនៅភូមិកីឡា ដោយអនុវត្តពិធីបង្ហូតទង់ជាតិ ចំនួន ៦ប្រទេសម្ដង ខណៈកម្ពុជា ត្រូវ បានប្រារព្ធពិធីបង្ហូតទង់ជាតិ ជាមួយ ៥ប្រទេសផ្សេងទៀត រួមមានប្រ៊ុយណេ ថៃ កូរ៉េខាងជើង ឆាយ នីសតៃប៉ិ និងប្រតិភូកីឡាប៉ាឡេស្ទីន ។

មុនពិធីបង្ហូតទង់ជាតិ ប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ថោង ខុន និងអនុប្រធានប្រតិភូ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហាញពីសមិទ្ធផល នៃការចូលរួមប្រកួតកន្លង មករបស់ អត្តពលិកកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ក៏ដូចជាការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់កាលពីថ្មីៗ ផងដែរ ។ អនុប្រធានប្រតិភូកីឡាកម្ពុជាដដេលបន្ដថា «ចំណុចដែលសំខាន់ គឺយើងបានរៀនសូត្រ ពីបទពិសោធន៍នៃការរៀបចំពិធីស្វាគមន៍ និងគោរពទង់ជាតិបណ្ដាប្រទេសមកដល់ភូមិកីឡា ក៏ដូចជា ទីតាំងប្រកួតច្បាស់លាស់ គឺយើងរៀនសូត្របានច្រើន ជាពិសេសរៀនសូត្រពីការទទួលបដិសណ្ឋារ កិច្ច ពិធីបង្ហូតទង់ជាតិ និងការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាដើម ។ យើងនឹងរៀនសូត្រពីកម្រិតរៀបចំកីឡាអាស៊ីនេះ ដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡា យុវជនអាស៊ី នាឆ្នាំ២០២៩ ដែលមានកម្រិតអាស៊ីដូចគ្នា» ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ដែលលើកពេលពីឆ្នាំ ២០២២ មករៀបចំនៅឆ្នាំ២០២៣ ដែលនឹងត្រូវប្រារព្ធពិធីបើកការប្រកួតផ្លូវការស្អែកនេះ កម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាទៅចូលរួម រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ា ត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ៕