(ភ្នំពេញ)៖ ភាគីកម្ពុជាស្នើផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានបេសកកម្មប្រហាក់ប្រហែលរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីបង្កើតកិច្ចសហប្រតិ បត្តិការទ្វេភាគីលើវិស័យអធិការកិច្ចរវាងភាគីទាំងពីរ។
គួរជម្រាបថា កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងមិត្តភាពយូរលង់មកហើយ ពោលគឺមានរយៈពេលដល់ ទៅជាង៧០ឆ្នាំមកហើយ និងមានកិច្ចសហប្រតិបត្តិការនៅលើវិស័យជាច្រើន មានជាអាទិ៍ វិស័យ អប់រំ វប្បធម៌ ទេសចរណ៍ សន្ដិសុខ ការពារជាតិ និងសាសនា។ បំណងចង់បន្ថែមទំនាក់ទំនងលើវិស័យអធិការកិច្ចនេះ គឺជាកាលានុវត្តន៍មួយថ្មីក្នុងការបង្កើន ពង្រឹង ពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរ។
ការលើកសំណើនេះដែរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង អធិការកិច្ច ជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអធិការកិច្ច។
នាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនអំពីបេសកកម្ម ផែនការការងារ និង រចនាសម្ពន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីភាពចាំបាច់ក្នុងការ ប្តូរឈ្មោះពី «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិកា រកិច្ច» ដើម្បីសម្រួចលើការងារអធិការកិច្ចឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយសម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង កាល ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយបន្តការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ចល្អ និងកសាងសមត្ថភាពស្ថាប័ន សម្រាប់អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។
ឯកឧត្តម រដ្ឋមន្រ្តីបានស្នើសុំលោកស្រីឯកអគ្គរដ្ឋទូត «ជាស្ពានជួយផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានបេសកកម្មប្រហាក់ប្រហែលនៅប្រទេស ឥណ្ឌា»។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនឹង សំណើនេះ។
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាបានអញ្ជើញលោករដ្ឋមន្រ្តី ហួត ហាក់ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឥណ្ឌា ដើម្បីសិក្សាដកស្រង់ និងផ្លាស់ប្ដូរបទពិសោធជាមួយនឹងស្ថាប័នដែលធ្វើការងារ នៅក្នុងវិស័យអធិការកិច្ចនៅប្រទេសឥណ្ឌា។ លោករដ្ឋមន្រ្តីក៏បានទទួលយកសំណើនេះ និងរៀប ចំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនាពេលវេលាសមស្រប។
ក្រសួងអធិការកិច្ចនឹងរៀបចំបញ្ជូនមន្រ្តីទៅសិក្សារៀនសូត្រ ដកស្រង់បទពិសោធល្អៗពីប្រទេស ឥណ្ឌាពាក់ព័ន្ធនឹងវិស័យអធិការកិច្ច និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិបទសង្គមឌីជីថល។
ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ ក៏បានថ្លែងអំណរគុណភាគីឥណ្ឌាដែលបានផ្តល់វគ្គបណ្តុះបណ្តាល រយៈពេលខ្លី លើមុខជំនាញផ្សេងៗដល់មន្រ្តីចំនួន១៥ទៅ២០រូប សម្រាប់ឆ្នាំ២០២៣-២០២៤។
ភាគីទាំងពីរថែមទាំងបានបញ្ជាក់ពីឆន្ទៈដ៏មុតមាំក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអធិការកិច្ចរវាងក្រសួងអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធនៅប្រទេសឥណ្ឌា តាមរយៈការរៀបចំចុះ អនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ៕