(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែ កញ្ញា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអះអាងថាមិនមានឡើយការទាស់ទែងគ្នារវាង សហរដ្ឋអាមេរិក និងកាណាដាជុំវិញ ការចោទប្រកាន់របស់ទីក្រុងអូតាវ៉ាថាឥណ្ឌាអាចមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh ម្នាក់នៅលើទឹកដីកាណាដា។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្កឱ្យមានជម្លោះការទូតដ៏ធំមិនធ្លាប់មាន ជាមួយឥណ្ឌា នៅពេលដែលលោកបាន និយាយថាភ្នាក់ងារឥណ្ឌាអាចមានជាប់ពាក់ព័ន្ធនឹងការ បាញ់សម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh លោក Hardeep Singh Nijjar និងជាពលរដ្ឋកាណាដា ក្នុង ខេត្ត British Columbia កាលពីខែមិថុនាកន្លងទៅ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានគូសបញ្ជាក់ ដូច្នេះថា «ខ្ញុំបានឃើញនៅលើ សារព័ត៌មាននូវការព្យាយាមមួយចំនួន ដើម្បីបំបែកបំបាក់សហរដ្ឋ អាមេរិក និងកាណាដា លើបញ្ហានេះ (ឃាតកម្មលើលោក Nijjar)… ខ្ញុំសូមបដិសេធទាំងស្រុងគំនិត ដែលថាមានការទាស់ទែងគ្នារវាងសហរដ្ឋអាមេរិក និងកាណាដា ហើយយើងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងលើការចោទប្រកាន់នេះ»៕