(កៀវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា អ៊ុយក្រែនបានព្រមាននៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២១ ខែកញ្ញា) នេះ ថា ខែរដូវរងាដ៏លំបាកនឹងមកដល់ខាងមុខ បន្ទាប់ពីមីស៊ីលរុស្ស៊ី «ដ៏ច្រើនសម្បើម» តម្រង់ទៅលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយបានសម្លាប់ និងរបួសជាច្រើននៅក្នុងទីក្រុងនានាទូទាំងប្រទេស អ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយ ធំតាមអាកាសទៅលើរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៨នាក់រងរបួស ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំង ប្រទេស។ ស្របពេលនៃការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលើទីក្រុងកៀវនេះ លោកប្រធានាធិប តីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងចូលរួមមហាសន្និបាទអង្គការសហប្រជាជាតិដោយបាន អំពាវនាវឲ្យ មានការបណ្តេញរុស្ស៉ីចេញពី សមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោម៥ នៃក្រុមប្រឹក្សា សន្តិសុខ ជាការដាក់ទណ្ឌកម្មសម្រាប់ការឈ្លានពានអ៊ុយក្រែន៕