(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ច ពិភាក្សា រវាងប្រតិភូថ្នាក់ដឹកនាំ និងប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីអនាគត កាកបាទក្រហម និងអឌ្ឍចន្ទក្រហម/ដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌»។
កិច្ចពិភាក្សា នេះបានធ្វើឡើងបន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកជាផ្លូវ ការ នូវកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគ អាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នាសណ្ឋាគារសុខា។
ក្នុងកិច្ចពិភាក្សានេះ សមាគមនីមួយៗក៏បានលើកយកនូវមតិយោបល់ លើប្រធានខាងលើនេះផង ដែរ។ បន្ទាប់មកតំណាងយុវជននៃវេទិកាយុវជនលើកទី២ ដែលធ្វើឡើងកាលថ្ងៃទី១៧-២០ ខែ កញ្ញា ឆ្នាំ២០២៣ ដែលមកពីសមាគមជាតិទាំង១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឡើងធ្វើបទ បង្ហាញ ស្ដីពីលទ្ធផលវេទិកាយុវជនលើកទី២ ជូនដល់ថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាក បាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។
សូមជម្រាបថា ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើក ទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ក៏ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាយុវជនលើក ទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ ចាប់ពីថ្ងៃទី ១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២២។
មុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នេះ ក៏បានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។
វេទិកាយុវជននេះ បានផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះ ស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធី សាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌។
សូមជម្រាបថាបន្ទាប់ពីបញ្ចប់នៃកិច្ចពិភាក្សាខាងលើនេះដោយជោគជ័យ ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ និងអង្គទូតនៃបណ្ដាប្រទេសភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ បានថតរូបអនុស្សារីយ៍ ប្រកប ដោយបរិយាកាសដ៏រីករាយ កក់ក្ដៅផងដែរ៕