(បរទេស)៖ រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងពិចារណាហាមឃាត់ការប្រើប្រាស់បណ្តាញ 5G ទាំងអស់ របស់ចិនដែលនាំចូលមកលក់ក្នុងប្រទេសរបស់ខ្លួន។ នេះគឺជាផ្នែកមួយនៃនិន្នាការកើនឡើងក្នុងចំណោមប្រទេសលោកខាងលិចក្នុងការរឹតបន្តឹងការប្រើប្រាស់បច្ចេកវិទ្យារបស់ចិននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ពួកគេ ដោយសារតែការព្រួយ បារម្ភអំពីសន្តិសុខជាតិ និងចារកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។តាមការប៉ាន់ប្រមាណបានឱ្យដឹងថា ខ្ទង់ ៥៩ភាគ រយនៃបណ្តាញ 5G Radio Access Networks (RANs) ដែលកំពុងប្រើប្រាស់នៅអាល្លឺម៉ង់ បច្ចុប្បន្ននេះ គឺសុទ្ធសឹងតែជាសមាសអាធាតុរបស់ក្រុមហ៊ុនចិន Huawei។ យ៉ាងណាមិញក្នុងរបាយការណ៍ថ្មីនេះបង្ហាញថា ក្រសួងមហាផ្ទៃ និងសហគមន៍របស់អាល្លឺម៉ង់ កំពុងស្វែងរកការដាក់កម្រិតលើឧបករណ៍ 5G របស់ចិនដែលប្រើប្រាស់ដោយក្រុមហ៊ុនផ្តល់សេវា កម្មទូរស័ព្ទធំៗក្នុងស្រុកដូចជា Deutsche Telekom និង Vodafone ជាដើម។
យោងតាមសេចក្តីព្រាងច្បាប់ថ្មីមួយពីក្រសួងទូរគមនាគមន៍អាល្លឺម៉ង់បានបង្ហាញថា ការហាមឃាត់ ទៅលើការប្រើប្រាស់បណ្តាញ 5G របស់ចិននៅផ្នែកស្នូលក្នុងបណ្តាញរបស់ខ្លួននឹងចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ។ នេះមានន័យថា ការហាមឃាត់ដំបូងនឹងចាប់ ផ្តើមពីឧបករណ៍របស់មន្ត្រីក្នុងជួររដ្ឋាភិបាលមុនគេ។ តែយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីដែនកំណត់នៃការហាមឃាត់នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ជំហានដំបូងនឹងកំណត់ការហាមឃាត់លើបណ្តាញ 5G សរុបរបស់ចិនប្រហែល ២៥ភាគរយជាមុនសិន៕