ទិវាសន្តិភាពអន្តរជាតិ, សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីជូនជនរួមជាតិថា រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចតេជោ ហ៊ុន សែន

 (ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃដ៏ពិ សេស សម្រាប់បណ្តាប្រទេសនៅទូទាំងសកលលោក ប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញ នូវការប្តេជ្ញាចិត្តរួមគ្នា លើកគុណតម្លៃសន្តិភាព ក៏ដូចជាការរំលឹកដល់វីរភាពនានា ក្នុងការរួមចំណែក ធ្វើឱ្យ សម្រេចបាននូវសន្តិភាព។

នៅឆ្នាំ២០២៣នេះ ការប្រារព្ធទិវាសន្តិភាព ក្រោមមូលបទ «សកម្មភាព ដើម្បីសន្តិភាព៖ ការប្តេជ្ញា ចិត្តរួមគ្នា សម្រាប់គោលដៅសកល» ដោយផ្តល់គុណតម្លៃជាចម្បង ដល់សកម្មភាពដើម្បីសន្តិភាព នឹងអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកធ្វើឱ្យគោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាព សម្រេចបានជោគជ័យ ដើម្បីបញ្ចប់នូវវិនាសកម្ម ភាពក្រីក្រ ភាពអត់ ឃ្លាន ការប្រែប្រួល អាកាសធាតុ និងធានានូវភាពរុងរឿងសម្រាប់ទាំងអស់គ្នា។

ដើម្បីសម្ដែងអំណរសាទរ និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រារព្ធ «ទិវាន្តិភាពអន្តរ ជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិត ក្នុង ឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តាមរយៈសារលិខិតនេះ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីជូនជនរួមជាតិថា រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យ ស្លោក «អរគុណសន្តិភាព» របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា «ជនរួមជាតិជាទីស្នេហា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះ ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំ ព្រះករុណាខ្ញុំ ជឿជាក់ យ៉ាងមុតមាំថា ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ នឹងបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តសារជាថ្មី របស់ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់តម្ល សន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក»។

សម្តេចបានជម្រាបជូនបងប្អូនជនរួមជាតិផងដែរថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយ ចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និងភាតរភាពជាអន្តរជាតិ។ ភ្នក់ភ្លើងសង្គ្រាម សោក នាដិកម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ដែលប្រជាជាតិយើងបានឆ្លងកាត់ អស់ រយៈពេលជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិយើងទាំងមូលបានរំដោះខ្លួន ទាំងស្រុងចេញពីអាណា និគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លា របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្ដម សីហនុ។ ប៉ុន្តែព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានផ្ដល់ពេល វេលាត្រឹមតែជាង ១០ឆ្នាំប៉ុណ្ណោះ ឱ្យប្រជាជនកម្ពុជាបានស្គាល់ និងរស់ក្នុងសុខសន្តិភាព និងការ អភិវឌ្ឍ នៅមុនពេលដែលកម្ពុជាត្រូវធ្លាក់ចូលក្នុងវិនាសកម្ម និងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំម្ដងទៀត។ ចាប់ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ យើងបានឆ្លងកាត់រដ្ឋប្រហារសង្គ្រាមស៊ីវិល អស់រយៈពេល៥ឆ្នាំ បន្ទាប់មករបបប្រល័យពូជសាសន៍អស់ជាង ៣ឆ្នាំ ហើយបានហែលឆ្លងស្ថានភាពសន្តិភាពខ្លះ និង សង្គ្រាមខ្លះ រយៈពេល ១៨ឆ្នាំបន្ថែមទៀត។

អតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើងនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅឆ្នាំ ១៩៩៨ បន្ទាប់ពីបានអនុវត្តយ៉ាងជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបាននាំមកវិញជូនប្រជាជាតិនេះ នូវសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាព ទឹកដីទាំងស្រុង។ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សន្តិភាពបានផ្ដល់ឱកាស ឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ប្រទេសកម្ពុជាបានក្លាយ ទៅជាប្រទេសមានសេដ្ឋកិច្ចដែលរីកចំរើនជាង ៧ភាគរយក្នុងមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប ហើយអាចនឹងឈានទៅសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។ កម្ពុជាដែលពីមុនធ្លាប់តែខ្វះខាត និងត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយបរទេស ដើម្បីអាចរស់ រាន់បាន បច្ចុប្បន្នកម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរឡើង តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ យ៉ាងរលូន ដែលមាន លក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ប្រជាពលរដ្ឋជាង ៨លាន ២សែននាក់ ត្រូវជាប្រមាណ ៨៤,៥៩% បានចូលរួមបោះឆ្នោត គឺជាសក្ខី កម្មដ៏ប្រចក្សនូវទឹកចិត្តរបស់ប្រជាជាតិកម្ពុជាទាំងមូល ដែលស្រឡាញ់សុខសន្តិភាព និងគោរពគាំទ្រ យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ៕