លោក ហ្សេលេនស្គី៖ អំណាចវេតូរបស់រុស្ស៉ី ប្រែក្លាយ UN ទៅជាគ្មានបានការ


(ញូវយ៉ក)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «អំណាចវេតូ» របស់រុស្ស៉ី បាន ប្រែក្លាយ ស្ថាប័នពិភពលោកមួយនេះ (UN) ទៅជាគ្មានបានការ ហើយថារុស្ស៉ីគួរតែត្រូវបណ្ដេញចេញពី សមាជិកអចិន្ត្រៃយ៍។

ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងអំឡុងមានវត្តមានដោយផ្ទាល់ជាលើក ដំបូង នៅឯកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខ UN ស្ដីពីការឈ្លានពានរបស់រុស្ស៉ីប្រឆាំង នឹងអ៊ុយក្រែន កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក)។ បើតាមលោក ហ្សេលេនស្គី រុស្ស៉ី គួរតែត្រូវបានបណ្ដេញ ចេញពីសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោម៥ នៃក្រុមប្រឹក្សាសន្តិសុខ ជា ការដាក់ទណ្ឌកម្មសម្រាប់ការឈ្លានពានអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «គ្រប់គ្នានៅលើពិភពលោក អាចនឹងមើល ឃើញពីអ្វីដែលធ្វើឱ្យ UN ក្លាយជាទៅគ្មានបានការ… ការវេតូនៅក្នុងដៃជនឈ្លានពាន កំពុងធ្វើឱ្យ UN ធ្លាក់ចូលក្នុងស្ថានភាពទាល់ច្រក ហើយមិនថាអ្នកជានរណានោះទេ ប្រព័ន្ធ UN សព្វថ្ងៃនៅតែធ្វើឱ្យ អ្នកមិន មានតម្លៃស្មើនឹងអំណាចវេតូរបស់ប្រទេស២ ឬ៣ ដោយអំណាចវេតូរបស់រុស្ស៉ីនឹងបំផ្លាញដល់ យើងគ្រប់គ្នាដែលជាសមាជិក UN ដទៃ»