(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដឹកនាំប្រតិភូកីឡាកម្ពុជា ទៅចូលរួម ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែលនឹង ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានថ្លែងប្រាប់ អ្នកសារព័ត៌មានមុនចាកចេញពីមាតុភូមិថា បេសកកម្មដឹកនាំដោយលោកទេសរដ្ឋមន្ដ្រីថ្ងៃនេះ មាន ថ្នាក់ ដឹកនាំមួយចំនួន និងកីឡា ២ប្រភេទ គឺកីឡាតេក្វាន់ដូ WT និងយូដូ ។ រីឯកីឡាខ្លះ បានធ្វើ ដំណើរ ទៅដល់គោលដៅ ហើយកីឡាមួយចំនួនទៀត ត្រូវធ្វើដំណើរជាបន្ដបន្ទាប់ តាមកម្មវិធី ប្រកួតរបស់ខ្លួន ក្នុងចំណោម ១៧ប្រភេទកីឡា ។
អនុប្រធានប្រតិភូដដែលបន្ដថា «យើងកំពុងធ្វើដំណើរប្រកបដោយក្ដីសង្ឃឹម និងការជឿជាក់ សម្រាប់បេសកកម្មនេះ, ដូចយើងឃើញហើយ ម្សិលមិញនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបសំណេះសំណាល និងផ្ដល់នូវអនុសាសន៍ណែនាំជាច្រើន ជា ពិសេសជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនីឲ្យធ្វើចូលរួមការប្រកួត ប្រកបដោយមោទនភាព ជាតិខ្ពស់ ហើយរក្សាបាននូវកិត្ដិយសជាតិ ក្នុងពេលប្រកួត និងទំនាក់ទំនងល្អ ជាមួយម្ចាស់ផ្ទះ និងបណ្ដាប្រទេសចូលរួមផ្សេងទៀត» ។
ឯកឧត្តម បន្ថែមថា «ការអនុញ្ញាតឲ្យប្រតិភូកីឡាចូលជួបសម្ដែងការគួរសម និងជម្រាបលានេះ គឺជា ការលើកទឹកចិត្ត និងជំរុញនូវចិត្តសាស្ដ្រកីឡាមួយយ៉ាងធំ ដែលយើងដឹងហើយថា រៀងរាល់ដង ដែល កាលសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ធ្លាប់លើកទឹកចិត្តជាប្រពៃណី តែងតែលើកទឹកចិត្តបែបនេះ មុន ចេញទៅប្រកួតរៀងរាល់ពេលទាំងអស់ ដែលនេះ គឺជាសក្ខីភាពមួយ នៃការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនី» ។
ប្រតិបត្តិករកីឡាកម្ពុជាដដែល លើកឡើងទៀតថា ផ្អែកលើការយកចិត្តទុកដាក់របស់ប្រមុខរាជ រដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក៏ដូចជាការផ្ដល់នូវភាពកក់ក្ដៅពីគ្រប់ក្រសួង-ស្ថាប័នពាក់ ព័ន្ធ បានជំរុញឲ្យការរៀបចំប្រតិភូកីឡាកម្ពុជាបានល្អ សម្រាប់ចូលរួមការប្រកួតអន្ដរជាតិនានា ជាក់ ស្ដែងការប្រកួតកីឡាប្រចាំទ្វីបនាពេលនេះ ។ ទោះបីកីឡាអាស៊ី គឺជាកីឡាកម្រិតខ្ពស់និងសម្បូរ ប្រទេសមានសក្ដានុពលខ្លាំងផ្នែកវិស័យកីឡាលើពិភពលោក តែកម្ពុជាជឿជាក់ថានឹងទទួលបាន លទ្ធផលល្អប្រសើរណាមួយជូនជាតិ ។
ឯកឧត្តម បញ្ជាក់ថា «ការរៀបចំបានល្អមុនចេញដំណើរ បានធ្វើឲ្យយើងសង្ឃឹមទទួលបានជោគជ័យ មួយចំនួន ក្នុងការចូលរួមនេះ ។ សូមជម្រាបជូនថា ក្នុងចំណោម ១៧ប្រភេទកីឡានេះ យើងមាន ៦-៧ប្រភេទកីឡាដែរ ដែលអាចស្វែងរកមេដាយល្អបាន ដូចជាកីឡាគ្រិកឃីត តេក្វាន់ដូ ចំបាប់ យូដូ ជឺជីតស៊ូ និងប្រភេទកីឡាប្រយុទ្ធមួយចំនួន ។ យើងដឹងថា ការប្រកួតកីឡាអាស៊ីនេះ គឺជាកម្រិតខ្ពស់ ណាស់ ហើយមានប្រទេសមានសក្ដានុពលផ្នែកកីឡាធំៗច្រើន ដូចជាចិន ជប៉ុន កូរ៉េ អ៊ីរ៉ង់ និង កាហ្សាក់ស្ថានជាដើម សុទ្ធតែជាប្រទេសមានសក្ដានុពលខ្ពស់មែនទែន ក្នុងវិស័យកីឡាលើពិភព លោក» ។ «យើងនឹងដកស្រង់បទពសិធន៍នេះ ហើយជំរុញលើកទឹកចិត្តដល់អត្តពលិករបស់យើង ដើម្បីជាការមួយ ដែលធ្វើឲ្យបច្ចេកទេសទទួលបាននូវភាពគត់មុតបាន ។ ទាំងអស់នេះ យើងទាំង អស់គ្នា មានតែការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព គោរពយ៉ាងខ្ជាប់ខ្ពួនជាទីបំផុត តាមអនុ សាសន៍ណែនាំឌ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីលើកកម្ពស់កិត្តិយសជាតិ និង ត្រឡប់មកវិញជាមួយកិត្តិយស និងជោគជ័យក្នុងបេសកកម្មដ៏វិសេសវិសាលសម្រាប់ជាតិមាតុភូមិនៅ ពេលនេះ» ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ៕