ប៉ូឡូញ ថានឹងឈប់បញ្ជូនអាវុធឱ្យអ៊ុយក្រែន ចំពោះមុខជម្លោះជុំវិញគ្រាប់ធញ្ញជាតិ

(វ៉ាសូវី)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអោយដឹងថា ប៉ូឡូញ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាខ្លួននឹងលែងផ្គត់ផ្គង់ អាវុធឱ្យអ៊ុយក្រែនតទៅទៀតឡើយ ដ្បិតត្រូវផ្តោតលើវិស័យការពារជាតិ របស់ខ្លួនឯង ខណៈសម្ព័ន្ធ មិត្តទាំង២កំពុងមានជម្លោះនឹងគ្នា ចំពេលដ៏សំខាន់នៃប្រតិបត្តិការវាយបករបស់ទីក្រុងកៀវប្រឆាំង នឹងរុស្ស៉ី។ ពាក់ព័ន្ធនឹងទំនាស់កាន់តែក្ដៅជុំវិញការនាំចូលធញ្ញជាតិពីអ៊ុយក្រែន ប៉ូឡូញបានកោះ ហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ដើម្បីសម្ដែងការតវ៉ាចំពោះ ការលើកឡើងរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថាមានប្រទេសមួយចំនួន បានធ្វើពុតជាគាំទ្រប្រទេសរបស់លោក ខណៈអ៊ុយក្រែន កំពុងដឹកនាំប្រតិបត្តិការវាយបកដណ្ដើមទឹកដី របស់ខ្លួនដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ។ ការអត្ថាធិប្បាយបែបនេះធ្វើឱ្យប៉ូឡូញផ្ទុះកំហឹងជាខ្លាំង រហូតដល់នាយករដ្ឋមន្ត្រីប៉ូឡូញព្រលយថា ទីក្រុងវ៉ាសូវី នឹងមិនផ្ដល់ជំនួយអាវុធឱ្យអ៊ុយក្រែនទៀតនោះទេ ជាការឆ្លើយតបទៅនឹងអ្នកសារព័ត៌ មានដែលសួរថាតើប៉ូឡូញនឹងបន្តផ្ដល់ជំនួយ យោធាសម្រាប់ទីក្រុងកៀវតទៅទៀត បើទោះជា ប្រទេសទាំង២កំពុងមានជម្លោះដែរឬក៏យ៉ាងណា?

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាធើស ម៉ូរ៉ាវ៉ិចគី (Mateusz Morawiecki) បានគូសបញ្ជាក់ដូច្នេះថា  «យើងនឹងមិនបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ទៀតនោះទេ ដោយសារតែបច្ចុប្បន្ន យើងកំពុងបំពាក់ អាវុធឱ្យប៉ូឡូញដែរ ជាមួយអាវុធទំនើបៗបន្ថែម»