រាជរដ្ឋាភិបាល បង្កើតយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្តល់ការគាំពារ កាន់តែខ្ពស់ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុងគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាព​ធន់​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រជាតិជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រោងដាក់អនុវត្តន៍​ពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។

សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវបាន​លើក យកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣​នេះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី កម្ពុជា។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី២ នៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ បានធ្វើឡើង​ចាប់​ពីម៉ោង ប្រមាណ៨ព្រឹក រហូតដល់ម៉ោង២រសៀល ពោលកិច្ចប្រជុំនេះដាច់បាយថ្ងៃត្រង់ទាំងនាយក​រដ្ឋ​មន្ត្រី ក៏ដូចជាសមាជិក សមាជិការាជរដ្ឋាភិបាល។

ក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រជាតិនេះ បានគូសរំលេចថា ជំងឺកូវីដ-១៩ និងបញ្ហាប្រឈមសកល​ផ្សេងៗទៀតនាពេលបច្ចុប្បន្ន បាននិងកំពុងដាក់សម្ពាធឥតឈប់ឈរ មកលើសុខុមាលភាព​ និង​ជីវភាព​រស់នៅរបស់ប្រជាជនកម្ពុជា ពិសេសអ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ។

ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងភាពជាក់ស្ដែងទាំងនោះ ព្រម​ទាំងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាជន និងគាំទ្រដល់អ្នកប្រកបមុខរបរ និងធ្វើការ​ងារ​នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្ដីពីការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និង​មាន​លទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាព​របស់ប្រជាជន និងអាចរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការ​អភិវឌ្ឍប្រកប​ដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិត​ភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅ​ក្នុងសេដ្ឋកិច្ចក្នុង​ប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការ​ធ្វើធុរ​កិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

ដើម្បីសម្រេចបានគោលបំណង និងធានាបានប្រសិទ្ធភាព និងភាពសមស្រប យុទ្ធសាស្ត្រ​ជាតិនេះ​បានកំណត់អាទិភាពជាយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ (១) ការកំណត់ការកែសម្រួល និង​ការរៀប​ចំ​យន្តការបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ, (២) ការកាត់បន្ថយ​បន្ទុក​លើ​ការ​បំពេញ​អនុលោមភាព, (៣) ការផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបាន​ឈានចូល​ក្នុង​ប្រព័ន្ធ, (៤) ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ និង (៥) ការពង្រឹង និងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម។

តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា នឹងក្លាយជា​ប្រទីប​មួយយ៉ាងសំខាន់ ដែលនឹងជួយបំភ្លឺ និងត្រួសត្រាយផ្លូវនៅលើគន្លងមួយដែលពោរ​ពេញទៅ​ដោយ​ភាពស្មុគស្មាញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងនឹងក្លាយជាកត្តាលីករ​ដែលនឹង​ជួយជំរុញនិងលើកទឹកចិត្ត​ឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន វិស័យឯកជន អង្គការ​ជាតិ និងអន្តរជាតិ និងសមាគមនានា សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព បរិយាបន្ន និងភាពធន់យ៉ាងពិតប្រាកដ ស្របតាមគោលការណ៍ «មិនបោះបង់ពល​រដ្ឋខ្មែរណាម្នាក់» ទាំងក្នុងន័យអភិវឌ្ឍនិងការចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍ។

សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបាន​រៀប​ចំឡើង​ជា៨ផ្នែក និងមានឧបសម្ព័ន្ធចំនួន៣។ បន្ទាប់ពីពិនិត្យ និងពិភាក្សាយ៉ាងល្អិត​ល្អន់​ហើយនោះ សេចក្តីព្រាងយុទ្ធសាស្ត្រនេះ ត្រូវបានសម្រេចឯកភាពដោយអង្គ​ប្រជុំ​ពេញ​​អង្គគណៈ​រដ្ឋមន្ត្រី។

ទន្ទឹមនឹងការអនុម័តលើសេចក្តីព្រាងយុទ្ធសាស្ត្រនេះហើយ ក្នុងកិច្ចប្រជុំនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំ​គណៈ​កម្មា​ធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជា មួយទីស្តីការគណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដល់សាធារណជនឱ្យបានទូលំទូលាយ៕