(ប៉ារីស)៖ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg អោយដឹងថាកំណើនសេដ្ឋកិច្ចពិភពលោកនឹង ថមថយ
ដោយសារការកើនឡើងអត្រាការប្រាក់ដាក់បន្ទុកលើសកម្មភាពសេដ្ឋកិច្ច និងការស្ទុះងើប ឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនពីជំងឺរាតត្បាត។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការព្យាករចុងក្រោយបំផុតរបស់ អង្គការ OECD ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថមថយមកនៅត្រឹម ២,៧% នៅឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានពន្យាករថានឹងកើនឡើង ៣% នៅឆ្នាំនេះ។ លើកលែងតែឆ្នាំ២០២០ ជាពេលដែល ជំងឺកូវីដបានវាយប្រហារពិភពលោក កំណើនដែលត្រូវបានព្យាករសម្រាប់ឆ្នាំ២០២៤នេះ នឹងជា អត្រាកំណើនប្រចាំឆ្នាំទាបបំផុតគិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកកើតមាន។
លោកស្រី Clare Lombardelli ប្រធានសេដ្ឋវិទូនៃអង្គការ OECD បានប្រាប់សន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃអង្គារថា៖ «ខណៈពេលដែលអតិផរណាខ្ពស់ សេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងស្ថាន ភាពលំបាក»។លោកស្រីបានបន្ថែមថា៖ «យើងកំពុងប្រឈមនឹងបញ្ហាប្រឈមទ្វេរដងគឺអតិផរណានិងកំណើនសេដ្ឋកិច្ចទាប»។
អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះបានព្រមានថា ហានិភ័យចំពោះការព្យាកររបស់ ខ្លួនត្រូវបានផ្អៀងទៅរកការធ្លាក់ចុះ ដោយសារការដំឡើងអត្រាការប្រាក់កន្លងមកនៅតែអាចមាន ឥទ្ធិពលខ្លាំងជាងការរំពឹងទុក ហើយអតិផរណាអាចបន្តកើតមាន ដែលទាមទារឱ្យមានការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុបន្ថែមទៀត។ អង្គការនេះបានហៅការបញ្ហាដែលប្រទេសចិនកំពុងជួបប្រទះថាជា «ហានិភ័យគន្លឹះ» ចំពោះសេដ្ឋកិច្ចជុំវិញពិភពលោក។
អង្គការ OECD បានឱ្យដឹងថា៖ «បន្ទាប់ពីបានចាប់ផ្តើមខ្លាំងជាងការរំពឹងទុកនៅឆ្នាំ២០២៣ ដែលត្រូវ បានជំរុញដោយតម្លៃថាមពលទាប និងការបើកប្រទេសឡើងវិញដោយប្រទេសចិន កំណើនសេដ្ឋកិច្ច ពិភពលោកត្រូវបានរំពឹងថានឹងថមថយវិញ»។ អង្គការនេះបានបន្ថែមថា៖ «ផលប៉ះពាល់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកាន់តែខ្លាំងត្រូវបានមើលឃើញកាន់តែច្បាស់ ក្រុមហ៊ុនអាជីវកម្មនិងទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះ ហើយការស្ទុះ ងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិនបានថមថយ»៕