នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ថាបើកចំហកិច្ចចរចាជាមួយ លោក គីម ជុងអ៊ុន

(យូអិន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ គឺ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) នៅថ្ងៃអង្គារសប្ដាហ៍ នេះបាននិយាយថាលោកមានបំណងចង់ជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីសាកល្បងបង្កើតដំណោះស្រាយការទូតមួយ នៅចំពោះមុខភាពតានតឹងជុំវិញកម្មវិធីអាវុធរបស់ ទីក្រុងព្យុងយ៉ាង។ លោក គីស៊ីដា ធ្វើការកត់សម្គាល់ខាងលើនៅ​ឯមហាសន្និបាតអង្គការសហ ប្រជាជាតិ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានប្រកាស ជាសាធារណៈពីបំណង រៀបចំជំនួបរវាងលោក គីស៊ីដា និងលោក គីម ជុងអ៊ុន។ ថ្លែងនាឱកាសនោះ លោក គីស៊ីដា បានកត់សម្គាល់ដែរថាជប៉ុនមាន ឆន្ទៈដោះស្រាយបញ្ហាទាំងឡាយជាមួយកូរ៉េខាងជើង ក្នុងនោះរួ មមានទាំងការចាប់ពង្រង់ជនជាតិជប៉ុនដោយភ្នាក់ងារកូរ៉េខាងជើង។

«ផ្ដើមចេញពីទស្សនៈនៃការបើកសករាជថ្មីទាំងអស់គ្នា ខ្ញុំចង់បញ្ជាក់ពីការប្ដេជ្ញាចិតរបស់ខ្ញុំដើម្បីជួប លោកប្រធាន គីម ជុងអ៊ុន ក្នុងជំនួបទល់មុខ គ្រប់ពេលវេលា ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។ នេះជាការបន្ថែមរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន។

សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ជូនីឈីរ៉ូ ក័យហ្សូមី (Junichiro Koizumi) បានធ្វើ ទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយទៅកាន់ទីក្រុង ព្យុងយ៉ាង អំឡុងនៅកាន់អំណាចក្នុងឆ្នាំ២០០២ ដើម្បីជួបអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល (ឪពុកលោក គីម ជុងអ៊ុន) ក្នុងគោល បំណងសាកល្បងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ ត្រឡប់ទៅរកភាពប្រក្រតី ជាមួយការ សន្យាថាជប៉ុននឹងផ្ដល់ជំនួយសេដ្ឋកិច្ច។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងនេះមិនបានទទួលជោគជ័យ នោះទេ៕