ក្រសួងអំពាវនាវឱ្យម្ចាស់ចំការដូង ដែលចង់នាំចេញទៅចិនមកចុះបញ្ជី ខណៈកម្ពុជា ចុះហត្ថលេខា លើលក្ខខណ្ឌអនាម័យ ជាមួយចិនរួចរាល់


(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេច ក្តីជូនដំណឹង អំពាវនាវដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់

នាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមមកដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រ កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំ ចេញផ្លែដូងស្រស់ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខា ដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានកសិកម្មបញ្ជាក់ថា ខ្លួនគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃ បញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕