(កែប)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ថវិកាកម្មវិធី ដំណាក់កាលថ្មី «ថវិកាសមិទ្ធកម្ម» ក្រោមក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ជូនថ្នាក់ដឹកនាំ និងមន្រ្តីគយ និងរដ្ឋាករ ចំនួន១០០រូប មកពីអង្គភាពគយនិងរដ្ឋាករ ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានទូទាំងប្រទេស។ សិក្ខាសាលានេះបានផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។
សម្រាប់ពិធីបើកបានធ្វើឡើងក្រោមវត្តមានឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការអញ្ជើញចូលរួម និងធ្វើបទ បង្ហាញពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ អគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ នាយកដ្ឋានថវិកានិងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនិងទិសដៅនៃការកសាង ប្រព័ន្ធ ថវិកាព័ត៌មានសមិទ្ធកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី៤ ឆ្នាំ២០២៣-២០២៧, យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ , ការរៀបចំ គម្រោងថវិកា និងការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលានេះ លោកបណ្ឌិតរដ្ឋ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានអាណត្តិកិច្ចជាអង្គភាពថវិកា ចាប់តាំងពីឆ្នាំ២០១៥ ហើយក៏ជាឆ្នាំដំបូង ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការអង្គភាពថវិកា ក្រោម ឱវាទក្រសួង ស្របតាមទិសដៅនិងផែនការការងារកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា។ ក្នុងការចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីកែទម្រង់នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា និង គម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន ប្រកប ដោយ ស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង ការរៀបចំសិក្ខាសាលានាពេលនេះ គឺជាតឹកតាងស្រាប់។ គួរកត់សម្គាល់ថា ចាប់ ពីឆ្នាំ ២០២៣ នេះទៅ ថវិកាកម្មវិធីបានឈានមកដល់ដំណាក់កាលថ្មី គឺ «ថវិកាព័ត៌មានសមិទ្ធកម្ម» ឬ «ថវិកាសមិទ្ធកម្ម»។
សិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះ បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់ និងគួរឱ្យចាប់ អារម្មណ៍ដែលថ្នាក់ដឹកនាំ និងមន្ត្រីគយគ្រប់លំដាប់ថ្នាក់ បានចូលស្តាប់បទបង្ហាញ បានលើកជា សំណួរ-ចម្លើយ និងចែករំលែកបទពិសោធន៍ការងារ ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល ព្រមទាំងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយបានប្រកាសបិទអង្គសិក្ខាសាលាក្រោមអធិបតីភាពលោក វ៉ូ វណ្ណា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក តំណាងឯកឧត្តម បណ្ឌិត គុណ ញឹម៕