ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលរួមអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិក ភណ្ឌវប្បធម៌ពិភពលោកទី៤ របស់កម្ពុជា


(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារចូលរួម អបអរសាទរជាមួយប្រជាជនកម្ពុជាក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោកទី៤ របស់កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់សារយ៉ាងដូចនេះថា «ស្ថានទូតជប៉ុនសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោកទី៤របស់កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៤៥របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ យើងខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសហគមន៍ ប្រជាជន កម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចការអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយក្នុងការចុះបញ្ជីនេះ»

សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត។

ដោយបូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោក ចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជី នៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕