(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសចិនបានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានទទួលស្គាល់សកម្មភាព របស់អាមេរិកក្នុងករណីពន្ធគយលើដែកថែបនិងអាលុយមីញ៉ូមថាជាវិធានការសន្តិសុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
គណៈកម្មាការដោះស្រាយវិវាទរបស់អង្គការ WTO កាលពីខែមុន បានចេញសេចក្តីសម្រេចគាំទ្រ ទីក្រុងវ៉ាស៊ីនតោនជុំវិញជម្លោះពន្ធគយជាមួយទីក្រុងប៉េកាំង ដោយបញ្ជាក់ថា ខ្លួនបានរកឃើញថា ប្រទេសចិនបានធ្វើសកម្មភាពមិនស្របនឹងកាតព្វកិច្ចរបស់ខ្លួនជាមួយអង្គការ WTO ដោយបានដាក់ ពន្ធបន្ថែមលើទំនិញរបស់សហរដ្ឋអាមេរិកជាការឆ្លើយតបទៅនឹងពន្ធគយរបស់សហរដ្ឋអាមេរិកលើដែកថែប និងអាលុយមីញ៉ូម។
សហរដ្ឋអាមេរិកបានដកហូតពន្ធគយ ២៥ភាគរយលើការនាំចូលដែកថែប និង ១០ភាគរយលើ ការនាំចូលអាលុយមីញ៉ូមពីប្រទេសនានារួមទាំងប្រទេសចិនក្នុងឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានប្រកាសដកហូតពន្ធគយបន្ថែមដែល ត្រូវអនុវត្តចំពោះការនាំចូលទំនិញមួយចំនួនដែលមានប្រភពមកពីសហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចិនថាសេចក្តីសម្រេចរបស់គណៈកម្មាការដោះស្រាយវិវាទនៃអង្គការWTOមាន «កំហុសផ្លូវច្បាប់»។ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថាការដកហូតពន្ធគយរបស់សហរដ្ឋអាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម គឺជា «វិធានការឯកតោភាគី និងការការពារនិយម ដែលត្រូវបានគេរកឃើញ ថាបំពានលើច្បាប់របស់អង្គការ WTO»។
ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការត្រឹមត្រូវ គោរពច្បាប់របស់អង្គការពាណិជ្ជកម្ម ពិភពលោកនិងកែតម្រូវ «វិធានការខុសច្បាប់នានា» របស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការអំពាវនាវរបស់ទីក្រុងប៉េកាំងធ្វើឡើងនៅពេលដែលភាពតានតឹងរវាងចិន និងអាមេរិកនៅតែមាន កម្រិតខ្ពស់បើទោះបីជាមានការប្រឹងប្រែងនាពេលថ្មីៗនេះដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរក៏ដោយ៕