(កំពង់ស្ពឺ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយវត្ដ មានឥស្សរជនថ្នាក់ដឹកនាំតាមក្រសួង អគ្គលេខាធិការអាស៊ាន ប្រធានប្រតិភូសហព័ន្ធអន្ដរជាតិ ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី និងថ្នាក់ដឹកនាំ-យុវជនសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១, ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថ កិច្ច ប្រជាពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋសរុបជាង ៥០០អង្គ/នាក់ បានប្រារព្ធពិធីទូងស្គររួមគ្នា យ៉ាងអធិកអធម ដើម្បីចូលរួមអបអរសាទរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ពិធីទូងស្គរអបអរសាទរនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺក្នុង ឱកាសពិធីដាំដើមឈើអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានធ្វើឡើង នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជា ផ្លូវការ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះគឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រទេសកម្ពុជា ទទួលបានកិត្តិនាមកាន់តែល្បីសុះសាយពេញ ពិភពលោក។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាម គ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទី កន្លែងសាធារណៈសំខាន់ៗ គ្រប់ទីប្រជុំជន សហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកប ដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។
អនុវត្តតាមការអំពាវនាវរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ឆ្លៀតឱកាសនៃពិធីដាំដើមឈើ អបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហមនៃភូមិភាគអាស៊ីអាគ្នេយ៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយឥស្សរជនថ្នាក់ដឹកនាំតាមក្រសួង អគ្គលេខាធិការអាស៊ាន ប្រធានប្រតិភូសហព័ន្ធអន្ដរជាតិ ប្រធានប្រតិភូអាយ.ស៊ី.អរ.ស៊ី និងថ្នាក់ដឹកនាំ-យុវជនសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១, ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថ កិច្ច ប្រជាពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋ សរុបជាង ៥០០អង្គ/នាក់ ប្រារព្ធពិធីទូងស្គរអបអរសាទរ នេះ យ៉ាងអធិកអធមគគ្រឹកគគ្រេង ព្រមទាំងបានរួមគ្នាច្រៀងនូវបទ «ពង្សាវតាខ្មែរ» យ៉ាងស្រុះគ្នា ផងដែរ។សូមជម្រាបដែរថា មកដល់ពេលនេះ ប្រទេសកម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៤ហើយ ក្នុង
នោះរួមមាន៖
១៖ តំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ ៤០,០០០ហិកតា
២៖ ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ ២,៦៤៣ហិកតា
៣៖ តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ ៣៩,០០០ហិកតា
៤៖ រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ ដែលមានទំហំ ៤០០ហិកតា៕