(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះជួប សំណេះសំណាល ការងារជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា តាមបណ្តាខេត្តចំនួនពីរ គឺខេត្តសៀមរាប និងខេត្តបាត់ដំបង។
លោកជំទាវ ទេសាភិបាល បានលើកសរសើរចំពោះមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តទាំងពីរ ដែលបានខិតខំបំពេញមុខងារ និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ រហូតទទួលបានសមិទ្ធផលគួរជាទីមោទន នាពេលកន្លងមក។
លោកជំទាវ ជា សិរី បានលើកឡើងពីសារៈសំខាន់ នៃការលើកកម្ពស់ការយល់ដឹងពីគោលដៅរួម និងគោលនយោបាយថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា សំដៅឱ្យមន្ត្រីបុគ្គលិកបន្តខិតខំបំពេញការ ងារវេញជាធ្លុងមួយរក្សាបាន សមិទ្ធផលដែលមានស្រាប់ និងឈានទៅសម្រេចសមិទ្ធផលថ្មីៗ បន្ថែមទៀត។
លោកជំទាវ ទេសាភិបាល បានយកឱកាសនោះលើកឡើងអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយ លើកកម្ពស់ប្រាក់រៀល ការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគាំទ្រការអភិ វឌ្ឍជាតិ ហើយបានជំរុញឱ្យសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាម និងខេត្តបាត់ដំបង បន្តលើក កម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែសកម្ម ព្រមទាំងរួមចំណែក ផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជន និងពង្រឹងទំនាក់ទំនងល្អប្រសើរជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ។
ក្នុងនាមជាស្រ្តីដំបូងគេនៅកម្ពុជា ក្នុងតួនាទីជាទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី ក៏បានលើកសសើរពីវត្តមានកាន់តែច្រើន ឡើងនៃមន្រ្តី-បុគ្គលិកជាស្រ្តី នៅតាមសាខា ធនាគារជាតិប្រចាំខេត្តទាំងពីរ និងថ្លែងសារបំផុសគំនិតលើកទឹកចិត្តឱ្យគ្រប់គ្នា បង្កើនភាពអង់អាច ចូលរួមកាន់តែខ្លាំង ក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ ឱ្យស្របនឹងវឌ្ឍនភាពដែលកម្ពុជា កំពុងឆ្ពោះទៅរកសមភាពយេនឌ័រ ដូចមានស្រ្តីជាថ្នាក់ដឹកនាំ ក្នុងជួររដ្ឋាភិបាលកាន់តែច្រើនឡើង ជាគំរូស្រាប់ ជាពិសេសឥស្សរជនស្រ្តីចំនួន៣រូបមានឋានៈជារដ្ឋមន្រ្តី៕