សហភាពអឺរ៉ុ មិនខ្លាចប្រឈម នឹងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន

(ព្រុចសែល)៖ សហភាពអឺរ៉ុបបានលើកឡើងជាថ្មីកាលពីចុងសប្តាហ៍មុនថា សេដ្ឋកិច្ចរបស់ខ្លួនអាច រស់រានបានពីការសងសឹកណាមួយពីសំណាក់ប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានព្រមានថា ការ ស៊ើបអង្កេតរបស់ទីក្រុងព្រុចសែលលើការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់ចិននឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា អឺរ៉ុបបានធ្វើឱ្យខ្លួនឯងប្រឈមនឹងហានិភ័យនៃការកើត មានសង្គ្រាមពាណិជ្ជកម្ម នៅពេលដែលប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនកាលពីថ្ងៃពុធសប្តាហ៍មុន ដោយ ចោទប្រកាន់ប្រទេសចិនពីបទរក្សាតម្លៃរថយន្ត «ទាបបែបសិប្បនិម្មិតដោយសារការឧបត្ថម្ភធនច្រើនរបស់រដ្ឋ»

ការស៊ើបអង្កេតអាចមើលឃើញថាសហភាពអឺរ៉ុបព្យាយាមការពារក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបដោយដាក់ពន្ធពិន័យលើរថយន្តដែលខ្លួនជឿថាត្រូវបានលក់ក្នុងតម្លៃទាបដោយមិនស្មើភាព។

មួយថ្ងៃបន្ទាប់ពីការប្រកាសរបស់លោកស្រី von der Leyen ក្រសួងពាណិជ្ជកម្មចិនបានវាយបក ទៅលើ «កិច្ចគាំពារនិយមច្បាស់ក្រឡែត» របស់សហភាពអឺរ៉ុបនេះ ហើយបាននិយាយថា វិធានការ នេះ «នឹងមានផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិននិង សហភាពអឺរ៉ុប»។ ពាណិជ្ជកម្មរបស់អឺរ៉ុបជាមួយប្រទេសចិនមានប្រហែល ២,៥ភាគរយនៃផលិត ផលក្នុងស្រុកសរុបរបស់តំបន់ចាយប្រាក់អឺរ៉ូ ប៉ុន្តែស្នងការទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់អឺរ៉ុបលោក Paolo Gentiloni ហាក់ដូចជាមិនមានភាពស្រពេចស្រពិលឡើយចំពោះការព្រមានរបស់ចិននៅ ពេលត្រូវបានសួរថាតើសេដ្ឋកិច្ចរបស់អឺរ៉ុបនេះអាចរស់រានបានពីពន្ធណាមួយដែរឬទេ។

មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូនៅទីក្រុង Santiago de Compostela របស់ប្រទេសអេស្ប៉ាញ លោក Paolo Gentiloni ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំមានទំនុកចិត្ត ប៉ុន្តែយើងត្រូវតែដោះស្រាយ បញ្ហានេះឱ្យបានដិតដល់។ ខ្ញុំគិតថា មិនមានហេតុផលជាក់លាក់ណាមួយសម្រាប់ការសងសឹកទេ ប៉ុន្តែការសងសឹកតែងតែអាចកើតមាន»

ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីប្រទេសបារាំងបានជំរុញទីក្រុងព្រុចសែលឱ្យចាត់វិធានការកាន់តែខ្លាំងដើម្បីការពារឧស្សាហកម្មអឺរ៉ុបប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើងពីប្រទេសចិន និងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានការពារវិធានការរបស់សហភាពអឺរ៉ុប ខណៈ ដែលលោកបានច្រានចោលការចោទប្រកាន់ណាមួយថា អឺរ៉ុបកំពុងចាត់វិធានការបែបកិច្ចគាំពារ និយម។ លោកបានប្រាប់ទូរទស្សន៍ Bloomberg កាលពីថ្ងៃសុក្រថា៖ «យើងមិនចាំបាច់ខ្លាច ប្រទេសណាមួយទេ។ យើងជាសហភាពអឺរ៉ុប… យើងគឺជាទ្វីបសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតមួយ»

លោកបានមានប្រសាសន៍ថា៖ «យើងមិនមែននៅទីនេះដើម្បីបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មណាមួយទេ»។ លោកបានបន្ថែមថា៖ «វាមិនមានអ្វីទាក់ទងនឹងកិច្ចគាំពារនិយមទេ»