រដ្ឋមន្រ្តី អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយបណ្តាញក្រុមការងារ នៃកម្មវិធីជំនួយខ្នាតតូច របស់មូលនិធិបរិស្ថានសកល ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ


(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៣ បានអនុញ្ញាតឱ្យបណ្តាញក្រុមការងារ នៃកម្មវិធីជំនួយខ្នាតតូចរបស់មូលនិធិបរិស្ថានសកល (GEF-Small Grants) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់ កិច្ច សហប្រតិ បត្តិការ និងពង្រឹងភាពជាដៃគូឱ្យកាន់តែមានប្រសិទ្ធភាព។

លោក Sano AKLHTERUZZAMAN ប្រធានបណ្តាញក្រុមការងារ នៃមូលនិធិបរិស្ថានសកល បានសម្តែងការអបអរសាទរ ដល់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល។

លោក Sano បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងបរិស្ថាន និងបណ្តាញអង្គការ សង្គមស៊ីវិល និងស្ថាប័នដែលទទួលបានជំនួយឥតសំណងខា្នតតូចរបស់មូលនិធិបរិស្ថានសកល លើកិច្ចគាំពារ បរិស្ថាន និងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ។ គម្រោងខ្នាតតូចរបស់មូលនិធិបរិស្ថានសកល មានចំនួន ២៥២គម្រោង ដែលក្នុងនោះ មាន ១៩ គម្រោង កំពុងអនុវត្ត ដែលមានថវិកាសរុបប្រមាណជាង ៩លានដុល្លារ រាប់ចាប់តាំងពីឆ្នាំ២០០៥។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានសំដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហ ប្រតិបត្តិការ រវាងក្រសួងបរិស្ថាន ជាមួយបណ្តាញក្រុមការងារ នៃកម្មវិធីជំនួយខ្នាតតូចរបស់មូល និធិបរិស្ថានសកល លើកិច្ចការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ ការគ្រប់គ្រងសំណល់ និងសារធាតុគីមី ការអភិរក្ស ជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនតំណាងបណ្តាញអង្គការសង្គមស៊ីវិល អំពីផែនការ អាទិភាពរយៈពលខ្លីរបស់ក្រសួងបរិស្ថាន ដែលបាននឹងកំពុងអនុវត្តរួមមាន ការគ្រប់គ្រងសំណល់ តាមរយៈ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀន ការអភិវឌ្ឍសហគមន៍តំបន់ ការពារ តាមរយៈទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ដើម្បីលើកកម្ពស់ចីរភាពសហគន៍ និងការ ដាំដើមឈើ។

គួរបញ្ជាក់ជូនថា ក្រសួងនឹងរៀបចំ App ដាំដើមឈើ ដើម្បីលើកទឹកចិត្ត និងត្រួតពិនិត្យចលនា ដាំដើមឈើ ដែលនឹងលើកកំពស់ដល់កំណើនឥណទានកាបូន និងសម្រេចបានគោលដៅអព្យា ក្រិតកាបូន៕