មន្ត្រីពាណិជ្ជកម្ម និងអ្នកនាំចេញអះអាងថា កម្ពុជាមានលទ្ធភាពខ្ពស់ សម្រេចការនាំចេញអង្ករ ២៥ម៉ឺនតោនក្នុង១ឆ្នាំ ទៅកាន់ឥណ្ឌូនេស៉ី

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ​បានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។

ទាំងមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកនាំចេញអង្ករ ជឿជាក់ថា កម្ពុជាពិតជាអាចមានលទ្ធភាព ខ្ពស់ ក្នុងការសម្រេចបាន ការនាំចេញអង្ករ២៥ម៉ឺនតោនក្នុង១ឆ្នាំ ទៅឱ្យប្រទេសឥណ្ឌូនេស៉ី។

ថ្លែងប្រាប់នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុននៃប្រទេសទាំងពីរ និងភាគីពាក់ ព័ន្ធបានជជែកគ្នា លើការនាំចេញអង្ករ ដូច្នេះផលិតភាពនៃការនាំចេញក្នុងបរិមាណ ២៥ម៉ឺនតោន ទៅកាន់ប្រទេសឥណ្ឌូនេស៊ី កម្ពុជាអាចធ្វើបាន ប្រសិនបើយើងបានចុះហេត្ថលេខាជាមួយនឹង ឥណ្ឌូនេស៊ីរួចរាល់ នាពេលខាងមុខ។

ឯកឧត្តម បានបញ្ជាក់ថា ចំពោះបរិមាណនាំចេញ ២៥ម៉ឺនតោននេះ មិនប្រាកដថានឹងត្រូវនាំចេញ ប៉ុណ្ណឹងនោះទេ ដោយសារតែការកំណត់បរិមាណ ជាសញ្ញាមួយនៃការព្រមព្រៀងគ្នា ក្នុងការធ្វើ ពាណិជ្ជកម្ម ប៉ុន្ដែការជជែកគ្នាជាក់ស្ដែងលើតម្លៃអាស្រ័យ លើស្ថានភាពទីផ្សារ។

ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា «ចំពោះលទ្ធភាពជាក់ស្ដែងផ្អែកលើផលិតកម្ម ផ្អែកលើលទ្ធ ភាពរបស់ម៉ាស៊ីនកិនស្រូវ ការប្រមូលទិញក្នុងពេលបច្ចុប្បន្ន ដូច្នេះខាងក្រុមហ៊ុននាំចេញជឿជាក់ថា នឹងប្រឹងប្រែងនាំចេញឲ្យបានគ្រប់ចំនួន»

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងប្រធានក្រុមហ៊ុន​នាំចេញអង្ករ Amru Rice បានលើកឡើងថា កម្ពុជាមានអង្ករគ្រប់គ្រាន់ ក្នុងការនាំចេញទៅកាន់ ប្រទេសឥណ្ឌូនេស៊ី ក្នុងមួយឆ្នាំ ២៥ម៉ឺនតោនដោយមិនមានការខ្វះខាតនោះឡើយ។

លោកឧកញ៉ាបានថ្លែងថា «ការនាំចេញអង្កររបស់កម្ពុជាចំនួន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ទៅកាន់ ប្រទេសឥណ្ឌូនេស៊ី មិនមានអ្វីជាក្ដីព្រួយបារម្ភនោះទេ ក៏ព្រោះថាកម្ពុជាមានអង្ករគ្រប់គ្រាន់ ប៉ុន្ដែអ្វី ដែលជាបញ្ហា គឺតម្លៃ យើងមានការព្រួយបារម្ភ ចំពោះតម្លៃដែលអាចនឹងងាករេ តាមបណ្ដាប្រទេស ផ្សេងៗទៀត ដូចជាប៉ាហ្គីស្ថាន ឬប្រទេសភូមាជាដើម»

លោកបញ្ជាក់ថា ប្រសិនបើការនាំចេញអង្ករធ្វើឡើង ដូចតាមការចរចារដែលបានកំណត់នូវ លក្ខខណ្ឌនានា បូករួមនឹងតម្លៃមិនមានការប្រែប្រួលនោះ ការនាំចេញ ២៥ម៉ឺនតោនទៅកាន់ប្រទេស ឥណ្ឌូនេស៊ី​ អាចសម្រេចបានគ្មានអ្វីជាឧបសគ្គឡើយ។

សូមបញ្ជាក់ថា ក្នុងជំនួបរវាងលោក ចូកូ វីដូដូ ​ប្រធានាធិបតីឥណ្ឌូនេស៊ី ​និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នៅទីក្រុងហ្សាកាតា កម្ពុជា​បានយល់ព្រមផ្គត់ផ្គង់អង្ករ ប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស។

លោក ចូកូ វីដូដូ ​ប្រធានាធិបតីឥណ្ឌូនេស៊ី បានបង្ហាញការពេញចិត្តដែលកម្ពុជា បានព្រមព្រៀង ផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន ២៥ម៉ឺនក្នុងមួយឆ្នាំ។​​ ជាមួយគ្នានេះឥណ្ឌូនេស៊ី នឹងគាំទ្រកម្មវិធី សន្តិសុខស្បៀងរបស់កម្ពុជាវិញ តាមរយៈការផ្គត់ផ្គង់ជីកសិកម្ម។

សូមជម្រាបថា ​ការព្រមព្រៀង​នាំចូលអង្ករ​ពីកម្ពុជាក្នុងបរិមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំនេះ ​ធ្វើឡើងបន្ទាប់ពី​ឥណ្ឌា​បញ្ឈប់ការនាំចេញអង្ករ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី​។ ដំបូងឡើយឥណ្ឌូណេ ស៊ី មានគម្រោងនាំចូលអង្ករចំនួន ១លានតោនពីឥណ្ឌា ប៉ុន្តែសំណើនេះត្រូវបានបដិសេធ៕