(រ៉ាបា)៖ តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានអោយដឹងថា ក្រសួងមហាផ្ទៃ នៃប្រទេសម៉ារ៉ុក បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះថាគ្រោះរញ្ជួយដី ដ៏ខ្លាំងមួយដែលបានវាយ ប្រហារលើ ប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ បានផ្ដាច់ជីវិតមនុស្ស ២៩៦នាក់ និង១៥៣នាក់ផ្សេងទៀតរងរបួស។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃម៉ារ៉ុក បានគូស បញ្ជាក់ដូច្នេះថា «បើតាមសេចក្ដីរាយការេណ៍ជាបឋម គ្រោះរញ្ជួយដីបាន សម្លាប់មនុស្ស ២៩៦នាក់ នៅក្នុងខេត្ត និងទីក្រុងជាច្រើន រួមមាន អាល់ហាអ៊ូស (al-Haouz) ម៉ារ៉ាកេស (Marrakesh,) អ៊ូអាហ្សាហ្សាត (Ouarzazate) អាហ្ស៉ីឡាល់ (Azilal) ឈីឆាអ៊ូអា (Chichaoua) និងតារូដាន់ (Taroudant)»។ ក្រសួងបន្ថែមថាមនុស្ស ១៥៣នាក់ ក៏បានរងរបួស និងកំពុងសម្រាក់ព្យាបាល នៅមន្ទីរពេទ្យផងដែរ។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃ សុក្រកន្លងទៅនេះ ដោយបង្កការរំញ័រចាប់ពី ទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៉ីហ្វនី (Sidi Ifni) ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។ បើតាម ទីភ្នាក់ងារភូមិវិទ្យា អាមេរិក USGS ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ាកេស ជាទីក្រុងធំលំដាប់ទីរបស់ប្រទេសម៉ារ៉ុក៕