(បាងកក)៖ យោងតាមកាសែតបាងកកប៉ុស្តិ៍ បានបញ្ជាក់ថា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) ថៃ ព្រមាន ថា បំណុលគ្រួសារនៅប្រទេសថៃកំពុងបន្តកើនឡើង ដោយមានការពិនិត្យមើលយ៉ាងយកចិត្តទុក ដាក់ទៅលើកម្ចីទិញរថយន្តនិងបំណុលពីសហករណ៍ សន្សំ។ លោក Danucha Pichayanan អគ្គលេខាធិការ NESDC ត្រូវបានដកស្រង់សម្ដីដោយ កាសែតបាងកកប៉ុស្តិ៍ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីចក្ខុវិស័យសង្គមរបស់ប្រទេសថៃសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ថា បំណុលគ្រួសារមានចំនួន ១៥,៩ពាន់ពាន់លានបាតក្នុងត្រីមាស ទីមួយឆ្នាំនេះ កើនឡើង ៣,៦% ពីកំណើន ៣,៥% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ខណៈដែល អនុបាតបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុប (ផ.ស.ស) មានចំនួន ៩០,៦% ថយ ចុះបន្តិចធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។
លោក Danucha បានថ្លែងថា កំណើនបំណុលគ្រួសារភាគច្រើននៅក្នុងត្រីមាសទី១ មានប្រភព មកពីការទិញអចលនទ្រព្យនិងប្រាក់កម្ចីផ្ទាល់ខ្លួន កើនឡើង ៥% និង ៥,៣% រៀងគ្នា បើប្រៀប ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២២។
ចំពោះលទ្ធភាពសងកម្ចីជារួមសម្រាប់កម្ចីគ្រួសារ កម្ចីមិនដំណើរការ (NPLs) មានតម្លៃ ១៤៤ពាន់ លានបាតនៅដំណាច់ខែមីនាឆ្នាំនេះ ដែលស្មើនឹង ២,៦៨% កើនឡើងពី ២,៦២% នៅក្នុងត្រីមាស ទី៤ ឆ្នាំ២០២២។
ទោះយ៉ាងណា បញ្ហាបំណុលគ្រួសារនៅតែជាក្តីព្រួយបារម្ភដែលគួរត្រូវបានដោះស្រាយ។
ទីមួយបំណុលអាក្រក់និងហានិភ័យបំណុលអាក្រក់នៅក្នុងកម្ចីទិញរថយន្តទំនងជានឹងបន្តកើនឡើង។ នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៣ ឥណទាន NPL ពីប្រាក់កម្ចីរថយន្តបានកើនឡើង ៣០,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលសមាមាត្រនៃកម្ចីស្ថិតក្នុងការឃ្លាំមើល (special mention loans) ធៀបនឹងកម្ចីសរុបក៏បន្តកើនឡើងផងដែរ។
ទីពីរ តម្រូវការប្រាក់កម្ចីពីសហករណ៍សន្សំសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងការសងបំណុលដែល មានស្រាប់បានបន្តកើនឡើង ដោយកម្ចីផ្តល់ជូនសហករណ៍សរុបមានចំនួន ៩៤០ពាន់លានបាត ដែលក្នុងនោះ ៥០% គឺជាកម្ចីមិនមានផលិតភាព (non-productive loans)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕