ឧទ្ធម្ភាគចក្ររបស់សេវាសន្តិសុខរុស្ស៉ីមួយគ្រឿង បានធ្លាក់ និងបានស្លាប់មនុស្សយ៉ាងហោច ៣នាក់


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អោយដឹងថា មន្ត្រីក្នុងតំបន់បាននិយាយថា ឧទ្ធម្ភាគចក្ររបស់សេវាសន្តិសុខសហព័ន្ធ រុស្ស៊ី (FSB) បានធ្លាក់នៅកណ្តាលប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបានសម្លាប់ មនុស្សយ៉ាងហោច ០៣នាក់។

អាជ្ញាធរបានគូសបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-8 ដែលជាកម្មសិទ្ធិរបស់សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានធ្លាក់នៅក្នុងតំបន់ Chelyabinsk ហើយយ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់។

យោងតាមរបាយការណ៍ផ្លូវការ ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលឧទ្ធម្ភាគចក្របាន ចូលរួមក្នុងការហោះហើរហ្វឹកហាត់ ហើយវាបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃក្បែរភូមិ Prudny ។

អភិបាលខេត្ត លោក Aleksei Teksler បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា «យោងតាម ព័ត៌មានបឋម មនុស្ស៣នាក់បានស្លាប់» ប៉ុន្តែមិនមានការខូចខាតដល់អគារ ឬបុគ្គលនៅលើដី នោះទេ។

សូមបញ្ជាក់ថា ការធ្លាក់យន្តហោះគឺជារឿងធម្មតានៅក្នុងប្រទេសរុស្ស៊ី ដោយសារតែច្បាប់សុវត្ថិភាព ធូររលុង និងការថែទាំមិនល្អ ហើយកាន់តែញឹកញាប់បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជូនទាហានទៅអ៊ុយ ក្រែនកាលពីឆ្នាំមុន៕