អាជ្ញាធរខេត្តកោះកុងកំពុងគិតគូរយ៉ាងខ្លាំង លើការងារគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន

កោះកុង÷ រដ្ឋបាលខេត្តកោះកុង រៀបចំសិក្ខាសាលា ស្តីពី “ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន” ជូនដល់សមាជិកនៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីលោកអន សុភារិទ្ធ អភិបាល រង នៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តកោះកុង ។

ក្លែងក្នុងសិក្ខាសាលា លោកអន សុភារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយមើលឃើញពីការរីកចម្រើន នៃសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យលេខ ១១៣ អនក្រ បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៥ ស្ដីពី”ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន” ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លា ភាព និងគណនេយ្យភាព សំដៅធានាឲ្យបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈនិងសង្គម។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមថា ដើម្បីធានាប្រសិទ្ធភាពលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរដ្ឋបាលខេត្តបានចេញសេចក្តី សម្រេចលេខ ០៥២/២៣ សសរ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ស្ដីពីការបង្កើតគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកសំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង។ ក្នុងនោះការរៀបចំសិក្ខា សាលាឆ្លុះបញ្ចាំង ស្ដីពី”ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន” នាថ្ងៃនេះគឺដើម្បី ១- ប្រកាសសមាសភាព និងផ្សព្វផ្សាយសម្រេច។
២- បទបង្ហាញអំពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និងឯកសារពាក់ព័ន្ធ។
៣- ការពិភាក្សាដើម្បីប្រមូលធាតុចូលសំខាន់ៗ និងកំណត់បង្ហាញប្រឈម។
៤- ផែនការសកម្មភាព និងថវិកា ឆ្នាំ ២០២៤។

ដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ការគ្រប់គ្រងសំណល់រាវ ទឹកកខ្វក់ និងការរៀបចំទីលានទុកដាក់សំរាម និងគ្រប់គ្រងសំរាមនៅតាមស្ថាប័នរដ្ឋ ទីតាំងអាជីវកម្មឯកជន ទីតាំងសាធារណៈ និងមូលដ្ឋានឃុំ.សង្កាត់ប្រកបដោយប្រសិទ្ធភាព៕ ដោយ សេន ពិសិដ្ឋ