សហរដ្ឋអាមេរិក ធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្តក្នុងដែនទឹកឧបទ្វីបកូរ៉េ ខណៈលោក គីម ជុងអ៊ុន ប្ដេជ្ញាពង្រឹងកងទ័ពជើងទឹក


(សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បញ្ជាក់ថា សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា​រួមគ្នា នៅក្នុងដែនទឹកនៃតំបន់ ឧបទ្វីបកូរ៉េ នៅថ្ងៃអង្គារ ទី២៩ ខែសីហានេះ ខណៈកូរ៉េខាងជើងចោទប្រកាន់ថាទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កំពុងបង្កអស្ថិរភាពធ្ងន់ធ្ងរដែលអាចបង្កជា គ្រោះថ្នាក់នៃការ ផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។

បើតាមយោធាកូរ៉េខាងត្បូង ប្រទេសជាសម្ព័ន្ធមិត្តទាំង៣ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធានៅឯដែន ទឹកអន្តរជាតិនៃកោះចេជូ (Jeju) នៃភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពចាប់សញ្ញា និងកំណត់គោលដៅ ព្រមទាំងការចែករំលែកព័ត៌មាននៅក្នុងករណីមាន ការបង្ក ហេតុណាមួយពីសំណាក់ទីក្រុងព្យុងយ៉ាង។

សមយុទ្ធយោធានេះទៀតសោត កើតមានឡើងចំពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឱ្យក្រុមមន្ត្រីរបស់លោកធ្វើទំនើបកម្មអាវុធ និងបរិក្ខារនៃកងទ័ពជើងទឹករបស់កូរ៉េ ខាងជើង។ នៅក្នុងសុន្ទរកថាមួយនាឱកាសប្រារព្ធទិវាកងទ័ពជើងទឹក លោក គីម ជុងអ៊ុន បាន ហៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនជា «ក្រុមបងធំជនអន្ធពាល» សម្រាប់ការប្រកាសធ្វើ សមយុទ្ធយោធារួមគ្នាជាប្រចាំដែលលោក គីម ទំនងជាចង់សំដៅកិច្ចប្រជុំ កំពូលនៃមេដឹកនាំ ប្រទេសទាំង៣ នៅឯបន្ទាយយោធា Camp David នៃរដ្ឋ Maryland កាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅនេះ។

តាមរយៈការដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បាន គូសបញ្ជាក់ដូច្នេះថា «ដោយសារតែសកម្មភាព ប្រឈមមុខដាក់គ្នាយ៉ាងគឃ្លើនរបស់សហរដ្ឋអាមេរិក និងកម្លាំងអរិភាពដទៃទៀត តំបន់ដែនទឹកនៃឧបទ្វីបកូរ៉េកំពុងប្រែក្លាយបន្តិចម្តងៗទៅជាកន្លែង ប្រមូល ផ្ដុំនៃបរិក្ខារសង្រ្គាមដ៏ធំបំផុតមួយនៅលើពិភពលោក ព្រមទាំងក្លាយទៅជាតំបន់ដែនទឹកដ៏អស្ថិរភាព បំផុតជាមួយគ្រោះថ្នាក់នៃការផ្ទុះសង្រ្គាម នុយក្លេអ៊ែរ»