រុស្ស៉ី ប្តេជ្ញាបន្តជួយប្រទេសម៉ាលី ក្រោយការស្លាប់របស់ថៅកែ ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner


(មូស្គូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ គឺ នៅឯអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទសប្ដាហ៍នេះ រុស្ស៉ីបានសន្យាបន្តផ្តល់ ជំនួយគ្រប់ជ្រុងជ្រោយដល់ប្រទេសម៉ាលី ជាទឹកដីដែលកងកម្លាំងប្រហែល ១,០០០នាក់របស់ខ្លួន រួមជាមួយក្រុមទាហានស៊ីឈ្នួល Wagner កំពុងជួយដល់របបយោធានៃរដ្ឋអាហ្រ្វិកខាងលិចមួយនេះ ដើម្បីប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ។

ឯកអគ្គរដ្ឋទូតរងរុស្ស៉ីប្រចាំនៅ UN លោក ឌីមីទ្រី ប៉ុលយ៉ាន់ស្គី (Dmitry Polyanskiy) បាននិយាយ ថា «ក្នុងបេសកកម្មរបស់ខ្លួន រុស្ស៉ីនឹងបន្តផ្តល់ជំនួយដល់ម៉ាលី និងដៃគូ អាហ្វ្រិកផ្សេងទៀត ដោយ ឈរលើមូលដ្ឋានទ្វេភាគី សមភាព និងការគោរពគ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា ម៉ាលី បានតស៊ូទប់ស្កាត់ការបះបោររបស់ក្រុមសកម្មប្រយុទ្ធ ISIS ដែលចាក់ឫសក្នុង ប្រទេស បន្ទាប់ពីមានការបះបោរមួយក្នុងឆ្នាំ២០១២ ដោយមានការគាំទ្រ ពីកងកម្លាំងរក្សាសន្តិភាព UN ឬហៅកាត់ថា MINUSMA។ ប៉ុន្តែ របបយោធា ដែលចូលមកគ្រប់គ្រងប្រទេសម៉ាលី កាលពីឆ្នាំ ២០២០ បានស្នើសុំឲ្យកងកម្លាំង UN ១៣,០០០នាក់ចាកចេញភ្លាមៗ ជាទង្វើមួយដែលសហរដ្ឋ អាមេរិកបកស្រាយថាជាគំនិតរបស់ក្រុម Wagner និងជាហេតុធ្វើក្រុមប្រឹក្សាសន្តិសុខ UN បោះ ឆ្នោតដើម្បី បិទបញ្ចប់បេសកកម្មរក្សាសន្តិភាពរយៈពេលមួយទសវត្សរ៍របស់ខ្លួន៕