លោកជំទាវ ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយ តប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា


(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញដល់កម្មវិធី ជាតិសុខភាពភ្នែក (NPEH)នៃក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងអង្គការដៃគូមូលនិធិ ហ្រ្វេដហូឡូ (The Fred Hollows Foundation) បន្ដសហការរួមគ្នា ដើម្បីទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា។

ការថ្លែងបែបនេះរបស់លោកជំទាវ ឱ វណ្ណឌីន ក្នុងឱកាសតំណាង​ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ដាក់ឱ្យអនុវត្តគម្រោងសុខភា ពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌ Sustainable and Equitable Eye-health through Integrated People-Centred Eye Care (SEE-IPEC)នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងការគាំទ្រ១០០% ដែលកម្មវិធីជាតិសុខភាពភ្នែក សហការជាមួយអន្តរវិស័យ រៀបចំ និងអនុវត្តគម្រោងគាំទ្រដល់ប្រព័ន្ធសុខាភិបាល និងគិតគូរពី និរន្តរភាព។ លើសពីនោះ លោកស្រីក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គសិក្ខាសាលា ផងដែរដូចជា៖

១៖ បន្ត និងជំរុញបន្ថែម ក្នុងការសហការ ធ្វើការរួមគ្នាភាពជាដៃគូល្អ ដើម្បីទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា។
២៖ កម្មវិធីត្រូវតែរៀបចំ និងអនុវត្តជាការឆ្លើយតបតាមបែបបរិយាបន្ន ( Inclusive Program)
៣៖ សូមឱ្យក្រសួងអប់រំ ជួយជំរុញការអប់រំ សិស្សានុសិស្សនៅតាមសាលារៀនអោយយល់ដឹង និង ថែទាំសុខភាពភ្នែក។
៤៖ ខិតខំជំរុញឱ្យមានការចូលរួមសកម្មពីសហគមន៍
៥៖ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី រៀបចំគម្រោងថ្មីៗបន្ថែមទៀត ដោយមានគោលដៅ យុទ្ធសាស្រ្តស្របជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ទន្ទឹមនឹងអនុសាសន៍ខាងលើ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកកម្មវិធីជាតិសុខភាពភ្នែក ក៏បាន លើកទឹកចិត្ត និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដែលផ្តល់សេវាថែទាំសុខភាព ភ្នែក សហការគ្នា តម្រង់ទិសការងារសុខភាពភ្នែក ឆ្លើយតបរួមគ្នា ដើម្បីកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះនិងសម្រចបានគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្តជាតិក្រសួងសុខាភិបាល។ ក្នុងន័យនេះដែរ លោកសំដៅដល់ការផ្តល់សេវាសុខភាពភ្នែកដោយស្មើភាព ប្រកបដោយគុណ ភាព និងសមធម៌។

សូមជម្រាបថា គម្រោងសុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌ មានថវិកាប្រមាណ ២.៣ លានដុល្លារ ដែលគាំទ្រថវិកាដោយមូលនិធិហ្វ្រដហូឡូ អនុវត្តក្នុងខេត្តគោលដៅចំនួន៦។ គោលបំណងចម្បងៗ នៃគម្រោងនេះ គឺរួមចំណែកគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង គុណភាព និងបង្កើនសេវាសុខភាពភ្នែកតាមរយៈ (១). ការគាំទ្រការពង្រឹងអភិបាលកិច្ចនៃសេវា សុខភាពភ្នែក (២). ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាព មន្ត្រីសុខភាពភ្នែក (៣). ការបង្កើន ការយល់ដឹងរបស់ប្រជាពលរដ្ឋស្តីពីការថែទាំសុខភាពភ្នែក (៤). ការផ្តល់សេវាសុខភាពភ្នែកប្រកប ដោយគុណភាព សមធម៌ បរិយាប័ន្ន និងមេត្រីភាព៕