ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងការពារជាតិលើកដំបូង ដើម្បីបែងចែក ភារកិច្ច និងការទទួលខុសត្រូវ


(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងការពារជាតិលើកដំបូង ដើម្បីបែង ចែកភារកិច្ច និងការទទួលខុសត្រូវជូនដល់ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅការអនុវត្ត ច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងការពារជាតិ។

កិច្ចប្រជុំលើកដំបូងនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរំលឹកអំពីសមិទ្ធផលការងាររបស់ក្រសួង ការងារជាតិ ដែលបានរួមចំណែកក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដូចជា៖ ការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជោគជ័យនៃការទទួលធ្វើជាប្រធានកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងជោគជ័យនៃការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិមួយចំនួនទៀត។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា ដោយឡែកនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ច្បាស់ គោលនយោបាយអភិវឌ្ឍន៍តាមវិស័យក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល។ ចំពោះវិស័យការពារជាតិ បានកំណត់ការការពារជាតិ ការការពារសន្តិសុខសណ្តាប់ ធ្នាប់ សុវត្ថិភាពសង្គម ផ្តល់អាទិភាពទៅលើការងារសំខាន់ៗ០៨ ចំណុច រួមមានដូចខាងក្រោម៖

១៖ ពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យរឹងមាំខ្លាំងក្លា ដែលមានកងយោធពលខេមរភូមិន្ទជា ស្នូល ដើម្បីធានាការពារសន្តិភាព, ឯករាជ្យ, អធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស, ស្ថិត ស្ថេរគ្រប់កាលៈទេសៈ ធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាលើទឹកដីរបស់ខ្លួន និងមាន ឱកាសពេញលេញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

២៖ បន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធាន មនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពទាំងវិជ្ជាជីវៈ ទាំងស្មារតី និងសម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ ភស្តុភារ និងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ព ឱ្យឆ្លើយតបនឹងភាពជឿនលឿននៃ បច្ចេកវិទ្យាទំនើប និងការធ្វើនវានុវត្តន៍យោធាក្នុងតំបន់ និងពិភពលោក ព្រមទាំងធានាចីរភាពនៃការ អភិវឌ្ឍវិស័យការពារជាតិ លើមូលដ្ឋាននេះ ធានាបានការកសាងកងកម្លាំងប្រដាប់អាវុធមួយ ដែល មានឧត្តមគតិស្មោះត្រង់ចំពោះជាតិ មាតុភូមិ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណ ភាពទឹកដី ការពាររាជរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈប្រជាជន តាមរយៈការបោះឆ្នោត និងការ ការពារាល់សមិទ្ធផលសង្គមជាតិ។

៣៖ អភិវឌ្ឍ ពង្រឹង និងពង្រីកកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏សំខាន់ចូលរួមក្នុងការថែរក្សា សន្តិសុខជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការការពារធនធានធម្មជាតិ ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយសង្គ្រោះប្រជាជនពេលកើតមានគ្រោះ មហន្តរាយផ្សេងៗ ដូចជា គ្រោះទឹក ជំនន់ គ្រោះរាំងស្ងួត ជំងឺឆ្លងរាតត្បាតជាដើម។

៤៖ ពង្រឹងប្រៀបយុទ្ធសាស្ត្រការពារជាតិ ធានាកិច្ចការពារយ៉ាងរឹងមាំនូវអធិបតេយ្យ និងបូរណភាព ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា លើដែនគោក ដែនអាកាស ដែនទឹក កោះ ឆ្នេរ ដែនសមុទ្រ តំបន់ តភ្ជាប់ តំបន់សេដ្ឋកិច្ច ផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្រ។ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវយុទ្ធសាស្ត្រ ខ្សែព្រំដែន កសាងភូមិ ឃុំ និងអភិវឌ្ឍន៍សហគមន៍ប្រជាពលរដ្ឋនៅតាមព្រំដែន និងយកចិត្តទុក ដាក់បង្កើត និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធានៅ តាមព្រំដែន សំដៅលើកកម្ពស់ការពង្រឹង យុទ្ធសាស្ត្រការពារព្រំដែនយូរអង្វែង ដែលជាមូលដ្ឋានរឹងមាំមួយ សម្រាប់កិច្ចការពារបូរណភាពទឹក ដី និងកសាងព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការ អភិវឌ្ឍ ព្រមទាំងប្រែក្លាយ អតីតសមរភូមិជាតំបន់ផលិតកម្មទីផ្សារ និងទេសចរណ៍។

៥៖ កសាងតំបន់ប្រវត្តិសាស្ត្រយោធា វិមានរំឭកគុណ និងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅតាមទីតាំងប្រវត្តិសាស្ត្រនានា ដើម្បីចារឹកទុក និងតម្កល់និមិត្តរូប វត្ថុតាងនិងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្តុះ មនសិការ «កតញ្ញូ សុខដុម និងការចូលរួម» និងជាមេរៀនសម្រាប់អ្នកជំនាន់ ក្រោយចងចាំ រៀនសូត្រ គោរពដឹង គុណសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និង ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ ឯកភាពទឹកដីទាំង ស្រុង ព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្ល របស់យុទ្ធជន យុទ្ធនារី ស្នេហាជាតិដែលបានធ្វើពលីកម្ម ប្រកបដោយវីរភាពដើម្បីជាតិ មាតុភូមិ។

៦៖ ធានាប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាពកងទ័ព ជីវភាព យោធិនពិការ យោធិនចូលនិវត្តន៍ យោធិនបាត់បង់សមត្ថភាពការងារ គ្រួសារយោធិនពលីមរណៈ និងអតីតយុទ្ធជន។ បង្កើនការអប់រំ នយោបាយ ចិត្តសាស្ត្រក្នុងជួរកងទ័ពឱ្យមានឆន្ទៈមោះមុតជា កម្លាំងការពារជាតិដ៏រឹងមាំ មានវិន័យ ម៉ឺងម៉ាត់ មានសមត្ថភាព សីលធម៌ និងភាពថ្លៃថ្នូរជាកងទ័ព ប្រសូត្រចេញពីប្រជាជន គោរពស្រលាញ់ និងបម្រើប្រជាជន។

៧៖ ជំរុញការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពទ័ពដែលកំពុងឈរជើង ការពារព្រំដែនជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម សំដៅពង្រឹងការ ផ្សារភ្ជាប់រវាងប្រជាជន និងកងទ័ព។ បង្កើនការអប់រំប្រជាជនជាពិសេសសិស្ស និស្សិត យុវជន អំពីប្រវត្តិសាស្ត្រ អំពីមោទនភាពជាតិ និងអំពីករណីយកិច្ចរបស់ប្រជាពលរដ្ឋ លើកកម្ពស់ស្មារតី ស្នេហាជាតិ ប្តេជ្ញាការពារមាតុភូមិ។

៨៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងវិស័យការពារជាតិ ដោយផ្អែកលើរដ្ឋ ធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីពង្រីកសមត្ថភាពការពារជាតិ ពង្រឹងអធិបតេយ្យជាតិ និងលើកកម្ពស់ការ ចូលរួមសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។ បន្តបញ្ជូនកង កម្លាំងកម្ពុជាចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រ អង្គកាសហប្រជាជាតិនៅបណ្តាប្រទេស។

នៅក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានគោរព និងថ្លែងអំណរគុណចំពោះឥស្សរជន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងលោក លោកស្រី អគ្គនាយក អគ្គនាយកដ្ឋាន នាយក នាយកដ្ឋានចំណុះ ក្រសួងការពារជាតិ ដែលបានខិតខំយកចិត្តទុកដាក់បំពេញបេសកកម្មជាប្រវត្តិ សាស្ត្រ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា សម្រេចបានជោគជ័យលើវិស័យការពារជាតិគួរជាទី មោទនៈជូនជាតិ មាតុភូមិ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏មានជំនឿយ៉ាងមុតមាំថា តាមរយៈការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ ដឹកនាំក្រសួងការពារជាតិនាពេលនេះ ថ្នាក់ដឹកនាំក្រសួងការ ពារជាតិ និងអង្គភាពក្រោមចំណុះ នឹងសហការ សាមគ្គីភាព ឯកភាព ផ្ទៃក្នុង ខិតខំអនុវត្តភារកិច្ច ដែលប្រគល់ជូនសម្រេចបានជោគជ័យ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញលើវិស័យការពារជាតិ។ ទន្ទឹមនេះ លោកសូមស្នើថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ មេត្តាផ្តល់ការគាំទ្រពេញទំហឹង និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយលោកក្នុងការ អនុវត្តវិធានការ គោលនយោបាយ និងកម្មវិធីនានានៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដែលជាវិធានការគន្លឹះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យសម្រេចជោគជ័យ។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ស្នើអគ្គលេខាធិការដ្ឋាន បន្តទំនាក់ទំនងជាមួយខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ស្នើសុំសៀវភៅ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីចែកជូនថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ ស្ថាប័ន អង្គភាព ទូទាំងកងយោធពលខេមរភូមិន្ទ បានសិក្សាយល់ជ្រួតជ្រាប និងជំរុញអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលក្រសួងការពារជាតិ អគ្គបញ្ជាការប្រគល់ជូនសម្រេចបាន ជោគជ័យជូនជាតិ មាតុភូមិ។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បាន ឲ្យដឹងថា បន្ទាប់ពីបានស្ដាប់ការណែនាំពីគោលនយោបាយ និងបែងចែកភារកិច្ចរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីរួចមក, ថ្នាក់ដឹកនាំទាំងអស់ក្រសួងការពារជាតិ បានសម្ដែងនូវការគាំទ្រចំពោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងថ្លែងអំណរគុណចំពោះការដឹកនាំរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ កន្លងមក ព្រមទាំងប្តេជ្ញាជំរុញវីរភាព ស្នាដៃ និងកេរដំណែល ដែលសម្តេចពិជ័យសេនាបាន ធ្វើកន្លងមក ឱ្យកងយោធពលខេមរភូមិន្ទកាន់តែរីកចម្រើន ឆ្លើយតបនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋា ភិបាល និងប្រជាពលរដ្ឋ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព៕