(ហ្សាការតា)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានសង្កត់ធ្ងន់ ពីសារសំខាន់នៃការធ្វើទំនើបកម្មផ្នែកយោធា របស់ប្រទេសឥណ្ឌូណេស៉ី នៅក្នុងជំនួបពិភាក្សា នាថ្ងៃសុក្រនេះ ជាមួយប្រមុខការពារជាតិឥណ្ឌូណេស៉ី ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន ព្យាយាម ពង្រឹងចំណងទាក់ទងរបស់ខ្លួននៅតំបន់អាស៉ីអាគ្នេយ៍ ចំពោះមុខការប្រកួតប្រជែងឥទ្ធិពល ភូមិសាស្រ្តនយោបាយជាមួយចិន។
![](https://ninanews168.com/wp-content/uploads/2023/08/7-10.png)
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក អូស្ទីន បានទទួលស្វាគមន៍រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) នៅឯមន្ទីរបញ្ចកោណ។ លោក Subianto គឺជាអតីតមេបញ្ជាការកងកម្លាំងពិសេស និងជាអ្នកនយោបាយជើងចាស់មួយរូប ដែលត្រូវគេរំពឹងថា នឹងចូលរួមឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៉ី នៅឆ្នាំ២០២៤។
ជំនួបរវាងអ្នកទាំងពីរកើតឡើង ស្របពេលដែលឥណ្ឌូណេស៉ី កំពុងព្យាយាមធ្វើទំនើបកម្មយោធា និងផ្លាស់ប្តូរសម្ភារៈក៏ដូចជាសព្វាវុធចាស់ៗចេញ ដោយបានបែងចែកថវិកាដល់ទៅប្រមាណ ៨.៨៩ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិ៕