(រ៉ូម)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៣ គឺ ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បាននិយាយនៅថ្ងៃសុក្រ (២៥ សីហា) នេះថា សហភាពអឺរ៉ុបត្រូវតែអនុញ្ញាតឱ្យមានការធ្វើចំណាកស្រុកស្របច្បាប់បន្ថែមទៀត ដើម្បីលុប បំបាត់ការជួញដូរមនុស្សចំពេលមានការកើនឡើងនៃការមកដល់តាមសមុទ្រទៅកាន់ប្រទេសរបស់លោក។
ចំនួនមនុស្សឆ្លងព្រំដែនពីអាហ្រ្វិកខាងជើងទៅកាន់ប្រទេសអ៊ីតាលីបានកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំនេះកើនដល់ប្រហែល ១០៦,០០០នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែង ដោយរដ្ឋាភិបាលស្តាំនិយម របស់នាយករដ្ឋមន្ត្រី លោក Giorgia Meloni ដើម្បីបង្រ្កាបលើជនអន្តោ ប្រវេសន៍ខុសច្បាប់ និងដាក់កម្រិតលើនាវាជួយសង្គ្រោះសប្បុរសធម៌ក៏ដោយ។
ប្រធានាធិបតី Mattarella បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុង Rimini ដែលរៀបចំដោយ ក្រុមកាតូលិកថា «បាតុភូតនៃការធ្វើចំណាកស្រុក ត្រូវតែត្រូវបានដោះស្រាយព្រោះវាជាចលនា សកល ដែលមិនអាចត្រូវបានលុបចោល ដោយជញ្ជាំង ឬរបាំងឡើយ»។ លោកបានបន្ថែមថា «កូតាទៀងទាត់ និរន្តរភាព និងខ្ពស់គ្រប់គ្រាន់ គឺជាមធ្យោបាយតែមួយគត់ ដើម្បីលុបបំបាត់ការ ជួញដូរមនុស្សយ៉ាងឃោរឃៅ»។
រដ្ឋាភិបាលរបស់ លោក Meloni បានធ្វើតាមការណែនាំរបស់ លោក Mattarella មួយផ្នែក ដោយ កាលពីខែកក្កដា បាននិយាយថាខ្លួននឹងបង្កើនកូតា សម្រាប់ពលករចំណាកស្រុកដែលមិនមែន ជាសហភាពអឺរ៉ុបដល់ ៤៥២,០០០នាក់ សម្រាប់រយៈពេល ២០២៣-២០២៤។ ប៉ុន្តែចំនួននេះ គឺទាបជាងការស្នើដោយដោយក្រុមហ៊ុន និងសហជីព ដែលមានរហូតដល់ ៨៣៣,០០០នាក់។
ប្រធានាធិបតីអ៊ីតាលី ដែលជាប្រមុខរដ្ឋ និងជាឥស្សរជនមិនប្រកាន់បក្សពួក បាននិយាយថា សកម្ម ភាពត្រូវតែធ្វើឡើងនៅកម្រិតសគមអឺរ៉ុបទាំងមូល។ អន្តោប្រវេសន៍គឺជាបញ្ហានយោបាយក្តៅក្នុងប្លុកជាយូរមកហើយ ដែលរារាំងដល់ការសម្រេចចិត្តរួមដោយប្រទេសសមាជិកទាំង២៧៕