កោះកុង ÷ ប្រជានេសាទប្រមាណជិត២០០គ្រួសារ ដែលរស់នៅក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បាននាំគ្នាធ្វើការតវ៉ានិងដាក់លិខិតចូលសាលាខេត្តកោះកុង ដើម្បីទាមទារអោយមានការដកបង្គោលស៊ុមគ្រែង របស់បុគ្គលមានលុយម្នាក់ឈ្មោះ ផល្លី ដែលបានវាទទីយកដែននេសាទសហគមន៍មកធ្វើជាកម្មសិទ្ធិឯកជន និងសុំដកលោក តេង ហាន់ ប្រធានសហគមន៍ស្រែត្រាវចេញពីតំណែង ។
ក្នុងការដាក់លិខិតសុំអន្តរាគមពីសំណាក់ប្រជានេសាទខាងលើគឺពួកគាត់ទាមទារសុំ៎ឲលោកប្រធានស្នាក់ការជលផលឃុំថ្មសយកចិត្តទុកដាក់ពីទុកលំបាកពួកគាត់ផង និងសុំដកលោកប្រធានសហគមន៍ឃុំថ្មស និងសុំមិនអោយមានបង្គោលស៊ុមគ្រែងថ្មីបន្ថែមទៀត ដោយពួកគាត់បានលើកឡើងថា ការដែលពួកគាត់សម្រេចចិត្តនាំគ្នាមកស្នើរសុំអន្តរាគមពីសំណាក់លោកជំទាវអភិបាលខេត្តកោះកុង នាពេលនេះ គឺដោយសារពួកគាត់កើតទុកមិនសុខចិត្តលើបញ្ហាអ្នកមានលុយមានអំណាចមួយចំនួន បានធ្វើការវាទទីពង្រីកស៊ុមគ្រែង លើដែននេសាទសហគមន៍ ដែលជាកន្លែងប្រជានេសាទលក្ខណៈគ្រួសារ ដូចជាពួកគាត់តែងតែចេញចូលធ្វើការនេសាទជាប្រចាំ ហើយនាពេលថ្មីៗនេះមានបុគ្គលឈ្មោះ ផល្លី រស់នៅភូមិស្រែត្រាវ ឃុំថ្មស មិនត្រឹមតែវាទទីបោះបង្គោលស៊ុមថ្មីប៉ុណ្ណោះទេ ថែមទាំងធ្វើការចោទប្រកាន់ថា ពួកគាត់ជាចោរលួចនេសាទគ្រែងក្នុងស៊ុមគាត់ទៀតផង ។
លោកស្រី ណន ណែន បានលើកឡើងថា ក្រោយកើតមានរឿងរ៉ាវបែបនេះ ពួកគាត់បានដាក់ពាក្យស្នើរសុំអន្តរាគមន៍ពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានដែរ តែលទ្ធផល គឺគ្មានអ្នកអើរពើរជួយអន្តរាគមន៍ដល់ពួកគាត់នោះទេ ទើបពួកគាត់សម្រេចចិត្តមកដល់សាលាខេត្តកោះកុង ដើម្បីស្នើសុំអោយលោកជំទាវអភិបាលខេត្តជួយរកដំណោះស្រាយដល់ពួកគាត់ផង និងស្នើរសុំដកលោក តេង ហាន់ ប្រធានសហគមន៍ស្រែត្រាវ ព្រោះកន្លងមកលោកប្រធានសហគមន៍រូបនេះ ពុំដែលជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់ឡើយ រួមទាំងស្នើរសុំ កុំអោយមានការពង្រីកនិងបោះបង្គោលស៊ុមគ្រែងថ្មីបន្តទៀត ខណៈពួកគាត់សុំទទួលស្គាល់ត្រឹមស៊ុមគ្រែងចាស់ ដែលមានកន្លងមកតែប៉ុណ្ណោះ ។
ដោយឡែក លោកស្រី ជា ណាវី ក៏លើកឡើងស្រដៀងគ្នាផងដែរថា កន្លងមកពួកគាត់ធ្លាប់បានធ្វើការស្នើរសុំអន្តរាគមពីមន្ត្រីថ្នាក់ឃុំជាច្រើនលើកច្រើនសារ ដើម្បីជួយដល់ពួកគាត់តែពុំបានលទ្ធផល ទើបពួកគាត់ឈានទៅរកថ្នាក់ស្រុក ទើបលោកអភិបាលស្រុកចាត់មន្ត្រីថ្នាក់ស្រុកចុះមកធ្វើការដោះស្រាយដល់ពួកគាត់ អោយកំណត់អោយម្ចាស់ស៊ុមគ្រែងដែលបោះបង្គោលថ្មីធ្វើការដកបង្គោលថ្មីចេញ តែក្រោយមកម្ចាស់ទីតាំងខាងលើ នៅតែពុំព្រមអនុវត្តតាមបទបញ្ជារបស់មន្ត្រីថ្នាក់ស្រុកនោះឡើយ ពួកគាត់ក៏មិនដឹងថា ត្រូវពឹងលើអ្នកណាដើម្បីជួយដោះស្រាយបញ្ហានេះនោះទេ បើពឹងខាងជំនាញជលផលក៏មិនបានលទ្ធផល ដោយរុញអោយទៅសួរខាងនេះសួរខាងនោះ ពឹងខាងសហគមន៍មានតែការស្តីបន្ទោសត្រឡប់មកវិញ ហេតុនេះទើបពួកគាត់សម្រេចចិត្តនាំគ្នាធ្វើលិខិតផ្តិតមេដាយ ដើម្បីសុំអន្តរាគមពីសំណាក់លោកជំទាវអភិបាលខេត្ត អោយជួយរកដំណោះស្រាយដល់ពួកគាត់ និងស្នើរសុំដកលោក តេង ហាន់ ប្រធានសហគមន៍ចេញតែម្តង ។
ជុំវិញបញ្ហាខាងលើ ក្រុមការងារយើងនៅពុំអាចទំនាក់ទំនងសុំការបំភ្លឺពីជំនាញជលផល និង លោក តេង ហាន់ ប្រធានសហគមន៍ស្រែត្រាវបាននៅឡើយទេ ចំពោះម្ចាស់ស៊ុមគ្រែងឈ្មោះ ផល្លី ក៏ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានដែរ ដោយសារពុំមានលេខទូរស័ព្ទ ៕
ក្រុមការងារយើងរងចាំរាល់ការបំភ្លឺ ពីជំនាញ និងបុគ្គលពាក់ព័ន្ធ ។