(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន ថ្លែងបញ្ជាក់ថា ការសម្រេចបំណងប្រាថ្នាទៅបាន គឺត្រូវកើតចេញពីការអំណត់ព្យាយាមជាមួយ នឹងការលំបាក ហើយយើងមិនអាចទប់ស្កាត់ការលំបាកមិនឱ្យកើតឡើងបាននោះទេ តែយើងអាច ពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីទប់ទល់ជាមួយនឹងការលំបាកនោះបាន។
ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំង ប្រទេសលើកទី១២ ការសិក្សាដោយបង្កើតវត្ថុគំរូ «បំណងប្រាថ្នា» ដែលបានរៀបចំឡើងនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលប្រជុំ CKCC និងដោយការចូលរួមពីលោក លោកស្រី ប្រធានមន្ទីអប់រំ ប្រធានការរិយាល័យមធ្យមសិក្សា មកពី២៥រាជធានីខេត្ត រួមទាំងមានសិស្ស និស្សិតជាច្រើនរូបទៀត។
ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា បានថ្លែងដូចនេះថា «ការសម្រេចបំណងប្រាថ្នា កើតចេញពីការ អំណត់ព្យាយាមជាមួយនឹងការលំបាក ហើយប្អូនមិនអាចទប់ស្កាត់ការលំបាកមិនឱ្យកើតឡើង បាននោះទេ តែប្អូនៗអាចពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីទប់ទល់ជាមួយនឹងការលំបាកនោះបាន [..] នៅពេលដែលប្អូនៗបោះជំហ៊ានលើមាគ៌ានៃការសិក្សាជាមួយការស្រាវជ្រាវ ទោះបីជំនាញនោះ ផ្នែកជីវវិទ្យា ជីវបច្ចេកវិទ្យា រូបវិទ្យា គីមីវិទ្យាជាដើម ប្អូនៗនឹងរកឃើញពិភពលោកនេះកាន់តែ ទូលាយ និងមានឱកាសកាន់តែសប្បូរបែបដើម្បីឱ្យបំណងប្រាថ្នាយើងអាចសម្រេចបាន»។
ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា បានបន្ថែមថា មនុស្សដែលជោគជ័យបំផុតមិនមែនជាមនុស្សដែល ទទួលនិងប្រើប្រាស់ឱកាសនោះទេ ហើយមនុស្សដែលជោគជ័យគឺជាមនុស្សដែលចេះបង្កើត ឱកាសឱ្យខ្លួនឯង ហើយឱកាសនោះកើតចេញពីការសហការគ្នាទើបទទួលបានភាពជោគជ័យ។
ឯកឧត្តម បណ្ឌិត បានបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឧបនាយក រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានផ្តល់ឱកាសនូវការរៀន ផ្តល់ឱកាសឱ្យសិស្សមានគ្រូល្អបាន ប៉ុន្តែ សិស្សទាំងអស់ត្រូវតែចេះបង្កើតឱកាសសម្រាប់ខ្លួនឯង តាមរយៈការកិច្ចសហការជាមួយគ្នា ការ តាំងចិត្តសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន ចេះបង្កើតនូវគម្រោងដោយមានការត្រឹះរិះពិចារណា នឹងដោះស្រាយបញ្ហា ចេះអំណត់ព្យាយាមតស៊ូដោយមិនបាក់ទឹកចិត្ត ទើបធ្វើឱ្យការសិក្សាអាច សម្រេចបានជោគជ័យ៕