មេដឹកនាំតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចទៅកាន់អេស្វាទីនី ដែលជាសម្ព័ន្ធមិត្តអាហ្រ្វិកចុងក្រោយបំផុត


(តៃប៉ិ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា​ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នឹងបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសអេស្វាទីនី (Eswatini) ដែលជា សម្ព័ន្ធមិត្តការទូតចុងក្រោយបំផុតមួយ របស់តៃវ៉ាន់ក្នុងតំបន់អាហ្រ្វិក នៅដើមខែកញ្ញាខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែម។

តៃវ៉ាន់ដែលត្រូវបានចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន ក្នុងពេលបច្ចុប្បន្នមានទំនាក់ទំនងការទូត ផ្លូវការជាមួយប្រទេសចំនួន ១៣ប៉ុណ្ណោះ និង ស្ទើរតែទាំងអស គឺជាប្រទេសតូចមិនសូវមានការ អភិវឌ្ឍ ក្នុងតំបន់អាមេរិកឡាទីន ការីបៀន (Caribbean) និងតំបន់ប៉ាស៊ីហ្វិក។ កាលពីខែមីនា កន្លងទៅនេះ ហុងឌូរ៉ាស់បានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បីងាកទៅរកចិន វិញ។ បើតាមអនុរដ្ឋមមន្ត្រីការបរទេសតៃវ៉ាន់ លោក Roy Lee លោកស្រី សៃ នឹងធ្វើដំណើរទៅ កាន់ប្រទេសអេស្វាទីនី (ពីមុនឈ្មោះស្វាស៊ីឡង់) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ដើម្បី ចូលរួម ក្នុងពិធីបុណឯករាជ្យជាតិនៃប្រទេសមួយនេះ និងប្រារព្ធខួបលើកទី៥៥ នៃទំនាក់ទំនងទ្វេភាគី រវាងភាគីទាំង២។ លោក Roy Lee បានបន្ថែមថាលោកស្រី សៃ ធ្វើដំណើរតាមជើងយន្ដហោះ ដោយផ្ទាល់ទៅកាន់ប្រទេសអេស្វាទីនី ដោយមិនមានការឈប់សំចត នៅទីកន្លែងណាមួយនោះទេ ពោលគឺផ្ទុយពីការធ្វើទស្សនកិច្ចទៅកាន់តំបន់អាមេរិកឡាទីន ដែលតម្រូវឱ្យលោកស្រីឈប់សំចត នៅសហរដ្ឋអាមេរិក ដែលបង្កការខឹងសម្បារដល់ចិន។

គួរបញ្ជាក់ថា លោកស្រី សៃ បានបំពេញទស្សនកិច្ចលើកចុងក្រោយបំផុតទៅកាន់ប្រទេសអេស្វាទីនី កាលពីឆ្នាំ២០១៨៕